មេរៀនទី១២៖ ការតានតឹងចិត្ត (មេរៀនសង្ខេប សំណួរ ចម្លើយ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី២ : វប្បធម៌សន្តិភាព
មេរៀនទី១២៖ ការតានតឹងចិត្ត
មេរៀនសង្ខេប
ផលប៉ះពាល់ផ្លូវចិត្តទាំងអស់ ពេលខ្លះក៏អាចលុបបាត់ទៅវិញដោយងាយៗ តែក៏មានពេលខ្លះបានក្លាយជាបញ្ហាមួយមានការលំបាកក្នុងការដោះស្រាយដែលនាំឲ្យមនុស្សមានការតានតឹងចិត្ត ។
១- ការតានតឹងចិត្ត
ការតានតឹងចិត្ត គឺជាប្រតិកម្មឆ្លើយតបទៅនឹងបញ្ហា ឬហេតុការណ៍ផ្សេងៗដែលបង្កការលំបាកឬការគំរាមកំហែងដល់ផ្លូវចិត្ត ។ ការតានតឹងចិត្តកើតឡើងពីលក្ខខណ្ឌក្នុងការរស់នៅ ឬបទពិសោធន៍នៃជីវិតដែលមិនបានបំពេញតាមបំណងនិងចិត្តរបស់ខ្លួន ។ អ្នកដែលមានការតានតឹងចិត្ត កម្រនិយាយប្រាប់មូលហេតុរបស់ខ្លួនឲ្យគេដឹងដោយត្រង់ៗណាស់ ។
1-រោគសញ្ញាផ្លូវចិត្ត ៖
- មួម៉ៅ ឆេវឆាវ ឆាប់ខឹង ឆាប់ច្រឡោត អាជំរុញឲ្យបង្កើតជាអំពើហិង្សា
- នឿយណាយ ធុញថប់ក្នុងអារម្មណ៍ ភ្លេចភ្លាំងច្រើន ភ័យខ្លាច
- ខ្វល់ខ្វាយ គិតព្រួយច្រើន ស្រងូតស្រងាត់ ពិបាកផ្ចង់អារម្មណ៍ក្នុងការងារ និងការរៀនសូត្រ
- អារម្មណ៍មិនមូល គិតតែរឿងដដែលៗមិនឈប់ឈរ ព្រួយបារម្ភ អស់សង្ឃឹម
2-រោគសញ្ញាផ្លូវកាយ
- ឈឺក្បាល អស់កម្លាំង ចុករួយសាច់ដុំ ឈឺសន្លាក់ដៃជើង
- បរិភោគអាហារមិនបាន សម្រាន្តមិនលក់ ឈឺក្រពះ លើសឈាម មានបញ្ហាបេះដូង
- ណែនទ្រូង ដង្ហើមផុតៗ ឆ្អល់ពោះ
3-រោគសញ្ញាផ្នែកអាកប្បកិរិយា
- រសាប់រសល់ មិនរួសរាយរាក់ទាក់ ងាយមានទំនាស់ជាមួយគេឯង និងច្រើននៅឯកោ
- អសកម្មក្នុងការបំពេញការងារផ្សេងៗ សកម្មភាពការងារចុះខ្សោយ ឬអាចមានសកម្មភាពការងារច្រើនហួស មិនបានសម្រាក
- ច្រើនពឹងពាក់អ្នកដទៃ ដើម្បីជួយគាំទ្រ និងជួយធ្វើការសម្រេចចិត្ត
- ចូលចិត្តផឹកស្រា ឬប្រើប្រាស់គ្រឿងញៀនដូចជា បារី កញ្ឆា យ៉ាម៉ា អាភៀនជាដើម
២-បុព្វហេតុនៃការតានតឹងចិត្ត បុព្វហេតុនៃការតានតឹងចិត្តបណ្ដាលមកពី
- បញ្ហាសង្គម ៖ មានគ្រោះទុរភិក្ស ភាពក្រីក្រ សង្គ្រាម គ្រោះធម្មជាតិ រៀនខ្សោយ ការប្រឡងធ្លាក់ ការបាត់បង់ ឬគ្មានការងារធ្វើ អំពើអបាយមុខ ការគំរាមកំហែង អំពើហិង្សា ការរំលោភសិទ្ធិមនុស្ស និងការមិនគោរពច្បាប់
- ទាក់ទងការរស់នៅ ៖ មានទំនាស់ក្នុងគ្រួសារ ជីវភាពក្រីក្រ បន្ទុកការងារច្រើនហួសពេក ការមិនយល់ចិត្តគ្នា ការមិនចុះសម្រុងក្នុងការងារ ការបំពេញការងារពុំបានជោគជ័យ ការគិតព្រួយចំពោះហេតុការណ៍សម្រាប់អនាគត មានជំងឺរ៉ាំរ៉ៃប្រចាំរាងកាយ និងការបាត់បង់មនុស្សជាទីស្រឡាញ់ ។ល។
- តាមជំនឿ ៖ បណ្ដាលមកពីវាសនាអាក្រក់ កម្មផល ទំនាយ ត្រូវអំពើ ត្រូវស្នេហ៍ ..
៣-វិធីដោះស្រាយការតានតឹងចិត្ត
1-វិធីសាស្រ្តសាមញ្ញ ៖ ដំណោះស្រាយបែបសាមញ្ញ មានដូចជា ៖
- ការសម្រាកលំហែកាយ ៖
- ការលើកទឹកចិត្តចំពោះអ្នកមានអារម្មណ៍ឯកោ
- ការលើកទឹកចិត្ត ៖ ក្រុមគ្រួសារ ញាតិមិត្ត ឬសហគមន៍ជួយសម្រាលការងារ
2-សកម្មភាពសហគមន៍
- ការជួបជុំគ្នា ការលើកទឹកចិត្តនិងចែករំលែកការទុក្ខព្រួយពីអ្នកតានតឹងចិត្ត
- បង្កើតជាកម្មវិធីសិល្បៈ តន្ត្រី ចម្រៀង ឬការជជែកកម្សាន្ត ដែលធ្វើនៅពេលព្រលប់
- ការប្រារព្ធបុណ្យប្រពៃណីតាមបែបសាសនាដូចជា បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ…
- ការលេងកីឡា
- សកម្មភាពការងារក្រុម
- ការដោះស្រាយតាមបែបមន្តអាគមរបស់ជនជាតិនីមួយៗ ៖ សូត្រមន្ត ដោះអំពើ ស្រោចទឹក ការសែនព្រេន …
3-ការអប់រំ
- ការផ្សព្វផ្សាយឲ្យគេយល់ពីអ្វីជាការតានតឹងចិត្ត ការព្យាយាមរកឲ្យឃើញពីមូលហេតុ
- យើងអាចជួយខ្លួនឯង និងអាចរកអ្នកដទៃមកជួយបាន
- ផ្សព្វផ្សាយដល់អ្នកតានតឹងចិត្ត មិនត្រូវយកបារី ស្រា ឬគ្រឿងញៀន ឬអំពើដែលខុសច្បាប់សង្គម ខុសនឹងសីលធម៌សង្គម មកធ្វើជាដំណោះស្រាយឡើយ ព្រោះវាប៉ះពាល់នឹងសុខភាព និងសេចក្ដីថ្លៃថ្នូររបស់ខ្លួនឯង ។
4-លំហាត់សម្រាកចិត្តកាយ
គឺជាបច្ចេកទេសនៃការប្រើប្រាស់របៀបសមាធិ គួបផ្សំនឹងលំហាត់ដកដង្ហើម ការសម្រួលសាច់ដុំ និងការសម្រួលឥរិយាបថឲ្យបានស្រួលព្រមគ្នាជាមួយនឹងចិត្ត ដែលជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការតានតឹងចិត្ត ។
ក-លំហាត់ដង្ហើម
យើងអាចជ្រើសរើសឥរិយាបថដូចជា អង្គុយលើកៅអី ឬដេកត្រង់ខ្លួនលើគ្រែក្នុងលក្ខណៈសម្រាកយ៉ាងស្ងៀមស្ងាត់ រួចដកដង្ហើមចេញចូលឲ្យបានវែងៗ និងដោយយឺតៗ មានរយៈពេលពី 2 ទៅ3នា ឬអាចលើសពីនេះ ។
ខ-លំហាត់ពេលពាក្យផ្ទួនៗ
ចាប់ផ្ដើមដោយបិទភ្នែក រួចពោលពាក្យអ្វីដែលមានន័យល្អតាមការចូលចិត្ត ដូចជាពាក្យ «ពុទ្ធោ» ឬ «សុខៈ» ជាដើម ។
គ-លំហាត់តាំងសមាធិ
សមាធិ គឺជាការតាំងចិត្ត ឬតម្កល់ចិត្តឲ្យរឹងមាំហើយអនុវត្តបានចំពោះមនុស្សគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ។ លំហាត់សមាធិមាន ៖
- អង្គុយពែនភ្នែន ឬអង្គុយសណ្ដូកជើងលើកៅអីដងខ្លួនត្រង់ក៏បាន ដោយរក្សាការគ្មានចុករួយ ។ បន្ទាប់មកធ្វើលំហាត់ដកដង្ហើម និងលំហាត់ពោលពាក្យផ្ទួនៗ ដូចរៀបរាប់ខាងលើ ។
- ត្រូវផ្ចង់អារម្មណ៍លើវត្ថុអ្វីមួយដូចជា ផ្កាឈូក រូបព្រះពុទ្ធ …
- ការផ្ចង់អារម្មណ៍ត្រូវធ្វើចិត្តឲ្យជ្រះថ្លា បំភ្លេចនូវរឿងរ៉ាវអវិជ្ជមានទាំងឡាយ
- ដោយប្រមូលអារម្មណ៍ឲ្យមូលលើវត្ថុដែលបានជ្រើសរើសនោះ ក្នុងរយៈពេល 2ឬ3នាទី
- ប្រសិនបើអារម្មណ៍យើងមានការបែកទៅគិតពីរឿងអ្វីផ្សេង ត្រូវព្យាយាមទាញអារម្មណ៍របស់យើងដោយសន្សឹមៗ មកកាន់វត្ថុដែលយើងបានជ្រើសរើសនោះវិញ ។
- ត្រូវធ្វើនៅពេលដដែលៗ ហើយជាប្រចាំ និងនៅកន្លែងស្ងប់ស្ងាត់ គ្មានការរំខាន ពី2 ទៅ 3នាទី ឬ5នាទី ឬ 20នាទី ។
សំណួរ
- តើការតានតឹងចិត្តជាអ្វី ?
- តើមនុស្សដែលមានការតានតឹងចិត្តមានអាកប្បកិរិយាបែបណាខ្លះ ?
- តើការតានតឹងចិត្តបណ្ដាលមកពីបុព្វហេតុអ្វីខ្លះ ?
- តើមានវិធីសាស្ត្រអ្វីខ្លះដើម្បីជួយអ្នកតានតឹងចិត្តឲ្យមានភាពធូរស្រាលនិងជាសះស្បើយ?
- ចូររៀបរាប់ពីវិធីជួយមិត្ត បងប្អូន ដែលមានការតានតឹងចិត្តធ្ងន់ធ្ងរ ?
- ប្រសិនបើ ប្អូនមានការតានតឹងចិត្ត តើប្អូនដោះស្រាយដូចម្ដេច ?
- តើការតានតឹងចិត្តអាចធ្វើឲ្យមានផលប៉ះពាល់អ្វីខ្លះដល់ខ្លួនឯង គ្រួសារ និងសង្គម ?