មេរៀនទី១៖ លទ្ធិប្រជាធិបតេយ្យ (មេរៀនសង្ខេប សំណួរ ចម្លើយ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី៣ : ការចូលរួមអភិវឌ្ឍសហគមន៍
មេរៀនទី១៖ លទ្ធិប្រជាធិបតេយ្យ
មេរៀនសង្ខេប
មនុស្សម្នាក់ៗដែលរស់នៅក្នុងប្រទេសនីមួយៗលើពិភពលោកនេះ តែងតែទាមទារអ្វីៗ ដើម្បីយកមកបំពេញតម្រូវការរបស់ខ្លួន ឬជួនកាលគេជួបប្រទះបញ្ហាផ្សេងៗមិនចេះចប់ មិនចេះហើយ ឬជួបព្រឹត្តិការនយោបាយក្នុងប្រទេស ដែលជាបុព្វហេតុធ្វើឲ្យមានការប្រែប្រួល ផ្លាស់ប្ដូររបបនយោបាយមួយទៅរបបនយោបាយមួយទៀត ។ ប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យគឺ ផ្អែកលើឆន្ទៈរបស់ប្រជាពលរដ្ឋ ធានាដល់ការគោរព និងការប្រតិបត្តិសិទ្ធិមនុស្សជាមូលដ្ឋាន ហើយមនុស្សទាំងអស់មានភាពស្មើៗគ្នាចំពោះមុខច្បាប់ មានសេរីភាពគ្រប់គ្រាន់ក្នុងការនិយាយស្ដី សេរីភាពសារព័ត៌មាន សេរីភាពក្នុងជំនឿសាសនា ។ល។
១- និយមន័យលទ្ធិប្រជាធិបតេយ្យ
លទ្ធិប្រជាធិបតេយ្យ បានកើតមានឡើងជាយូរលង់ណាស់មកហើយ ដែលអ្នកប្រវត្តិសាស្រ្ត បានឲ្យឈ្មោះប្រទេសក្រិចថា ជាប្រទេសផ្ដល់កំណើតរបប លទ្ធិប្រជាធិបតេយ្យមុនគេបង្អស់ក្នុងពិភពលោក ។ ប្រជាធិបតេយ្យ មកពីពាក្យបុរាណក្រិច Démokratia គឺ Demos មានន័យថា «ប្រជា ឬប្រជាជន» រីឯ Kratros មានន័យថា «អធិបតេយ្យ» គឺអំណាច ឬ ជាភាពជាធំ ហើយត្រូវនឹងពាក្យភាសាអង់គ្លេសថា Democracy ។ លទ្ធិប្រជាធិបតេយ្យពិតប្រាកដ អាចកំណត់វិនិច្ឆ័យដោយនីតិរដ្ឋ ពោលគឺមានការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស ធានានូវសិទ្ធិទាំងឡាយរបស់បុគ្គលរួមមានសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិវប្បធម៌ សិទ្ធិសង្គម សិទ្ធិសេដ្ឋកិច្ច ។
២- លក្ខណៈសំខាន់ៗនៃលទ្ធិប្រជាធិបតេយ្យ
លទ្ធិប្រជាធិបតេយ្យពេញលក្ខណៈមានដូចជា ការគោរពសិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ ការបង្កើតគណៈបក្សនយោបាយ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ការបង្កើតប្រព័ន្ធពហុបក្ស ការបែងចែកអំណាចដាច់ពីគ្នា ។ល។
- សិទ្ធិ និងសេរីភាព ៖ មនុស្សទាំងអស់មានភាពស្មើគ្នានៅចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពដូចគ្នា ដោយគ្មានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈនៅក្នុងសង្គមឡើយ ។ ដូចនេះ ដើម្បីឲ្យជីវិតរបស់ខ្លួនរស់នៅមានន័យ និងប្រកបដោយសុខសន្តិភាព សុភមង្គល មនុស្សយើងគ្រប់រូប ត្រូវចេះអនុវត្តន៍សិទ្ធិ និងសេរីភាពរបស់ខ្លួនដូចមានចែងក្នុងច្បាប់ និងមានសីលធម៌ នោះយើងនឹងមិនត្រូវបានគេរើសអើង និងសង្គមមើលងាយមើលថោកឡើយ ។
សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ ៖ គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិបញ្ចេញមតិដោយសេរីខាងសារព័ត៌មាន សេរីភាពខាងការបញ្ចេញមតិតាមរយៈប្រព័ន្ធឃោសនា និង ផ្សព្វផ្សាយសារព័ត៌មានដោយគ្មានការជ្រៀតជ្រែក គ្មានការព្រួយបារម្ភ ភិតភ័យដោយមតិ និងទង្វើរបស់ខ្លួន មានសិទ្ធិសេរីភាពក្នុងការស្វែងរកការទទួល និងការផ្សព្វផ្សាយព័ត៌មានទូទៅដោយគ្មានការរារាំង ព្រមទាំងមានសិទ្ធិធ្វើកូដកម្ម បាតុកម្មដោយសន្តិវិធី និងមានសិទ្ធិសេរីភាពក្នុងការបើកការប្រជុំទៀតផង ។
សេរីភាពខាងសារព័ត៌មានតាមរយៈការបង្កើតប្រព័ន្ធផ្សព្វផ្សាយដូចជា ៖ ទូរទស្សន៍ វិទ្យុ អ៊ីនធឹណិត ការសែត ទស្សនាវដ្ដី មានសារៈសំខាន់ដល់ប្រជាពលរដ្ឋដូចជា ៖
- ជួយផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការនានាក្នុង និងក្រៅប្រទេស ដល់ប្រជាពលរដ្ឋឲ្យបានដឹងពីសភាពការណ៍មួយដែលកើតមាន និងជួយផ្សព្វផ្សាយចំណេះដឹង និងគំនិតថ្មីៗបន្ថែមទៀត ។
- ជួយការអភិវឌ្ឍន៍ទាំងផ្នែកនយោបាយ ទាំងផ្នែកវិទ្យាសាស្រ្តបចេ្ចកទេសដល់ប្រជាពលរដ្ឋ ។
- ផ្ដល់ព័ត៌មាន និងបទពិសោធន៍ដល់ថ្នាក់ដឹកនាំ និងអ្នកដែលត្រូវគេដឹកនាំ ។
- ផ្សព្វផ្សាយគំនិតថ្មីៗលើគ្រប់វិស័យ ពិសេសបញ្ហាជាតិនានា ។ល។
- គណៈបក្សនយោបាយ ៖ រាល់គណៈបក្សនយោបាយទាំងអស់ សុទ្ធតែមានសិទ្ធិចូលរួមប្រឡងប្រណាំង ប្រកួតប្រជែងក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោតដូចៗគ្នា ដើម្បីគ្រប់គ្រងប្រទេស ។
- ការបោះឆ្នោត ៖ ប្រជាពលរដ្ឋទាំងអស់មិនអាចទៅគ្រប់រដ្ឋទាំងអស់គ្នាបានទេ គឺទាមទារចាំបាច់ក្នុងការជ្រើសរើសតំណាងរបស់ខ្លួនទៅធ្វើការនៅក្នុងរដ្ឋសភា ក្នុងរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន និងប្រទេសជាតិ ហើយអ្នកតំណាងទាំងនោះ ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោត ។
នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត គឺជាការទទួលខុសត្រូវជាចម្បងរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយការបោះឆ្នោតត្រូវតែរៀបចំ និងប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ សម្ងាត់ ស្មើភាព សុចរិត និងដោយទៀងទាត់តាមពេលកំណត់ ។
- ប្រព័ន្ធពហុបក្ស ៖ នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ គេត្រូវតែទទួលស្គាល់ថា មនុស្សម្នាក់ៗ ឬក្រុមនុស្សនីមួយៗ សុទ្ធតែមានគំនិត និងជំនឿប្លែកៗគ្នា ។ មនុស្សម្នាក់ ឬក្រុមមនុស្ស ត្រូវតែផ្សារភ្ជាប់នឹងទស្សនៈពហុបក្ស និងត្រូវចេះទទួលស្គាល់ថា រាល់ទស្សនៈដែលបានសម្ដែងចេញមក មិនមែនសុទ្ធតែដូចគ្នា ឬសុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ ។ ដូចនេះហើយ ក្នុងសង្គមប្រជាធិបតេយ្យ គេតែងតែទាមទារឲ្យមនុស្សគ្រប់រូប ត្រូវចេះស្ដាប់ ចេះស្វែងយល់ ចេះគោរពគំនិតអ្នកដទៃ ព្រមទាំងចេះទទួលយកគំនិតមតិភាគច្រើន តែក៏ត្រូវចេះគោរព ការពារទស្សនៈនៃមតិភាគតិច និងចេះធានាសិទ្ធិសេរីភាព មតិរបស់ប្រជាពលរដ្ឋភាគតិចផងដែរ ។
ការបង្កើតឲ្យមានប្រព័ន្ធពហុបក្ស គឺជាការប្រសើរ ព្រោះទុកលទ្ធភាពឲ្យប្រជាពលរដ្ឋបានគិតពិចារណា និងសម្រេចចិត្តជ្រើសរកគណៈបក្សណាមួយ ឬបុគ្គលណាម្នាក់ដែលមានទស្សនៈដូចខ្លួន ឬដែលខ្លួនបានពេញចិត្ត ។
- ការបែងចែកអំណាច ៖ អំណាចរួមមាន អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។ រាល់អំណាច សមត្ថកិច្ច និងសកម្មភាពនៃអង្គការកំពូលទាំងបីនេះ ត្រូវបានប្រតិបត្តិឲ្យស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ក្នុងការបែងចែកអំណាច ដើម្បីចៀសវាងអំពើរំលោភអំណាចគ្នាទៅវិញទៅមកដែលនឹងអាចកើតមានឡើង ឬអំណាចនៃស្ថាប័នទាំងអស់នេះ ឬស្ថិតក្នុងដៃបុគ្គលតែម្នាក់ ឬអង្គការតែមួយ ។
- អំណាចនីតិបញ្ញត្តិ (រដ្ឋសភា និង ព្រឹទ្ធសភា) ៖ មានកាតព្វកិច្ចពីរយ៉ាងដែលត្រូវបំពេញ គឺកាតព្វកិច្ចធ្វើច្បាប់ និងតាមដានប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ថាតើច្បាប់ដែលអនុម័តរួចហើយ ត្រូវបាន រដ្ឋាភិបាលគោរពដែរឬទេ? តើរដ្ឋាភិបាលយកច្បាប់នេះទៅអនុវត្តន៍បានកម្រិតណា ? តើច្បាប់នោះ មានការធានាការពារសិទ្ធិសេរីភាព និងផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិដែរឬទេ ?
- អំណាចនីតិប្រតិបត្តិ(រដ្ឋាភិបាល) ៖ គឺជាអំណាចមួយដែលមានមុខងារដឹកនាំ ប្រតិបត្តិនយោបាយក្នុង និងក្រៅប្រទេសទៅតាមច្បាប់ និងកម្មវិធីនយោបាយ ដែលរដ្ឋសភាបានផ្ដល់សេចក្ដីទុកចិត្តរួចហើយ ។
- អំណាចតុលាការ (តុលាការ) ៖ គឺជាអំណាចមួយដែលមានភាពឯករាជ្យ នោះទើបអាចរក្សាបាននូវយុត្តិធម៌សង្គម ការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងការគោរពសិទ្ធិមនុស្ស ។ ដើម្បីឲ្យតុលាការមានភាពឯករាជ្យ លុះត្រាតែមានចៅក្រមប្រកបទៅដោយឯករាជ្យ ។ ចៅក្រមដែលមានឯករាជ្យ គឺចៅក្រមដែល ៖
- ធ្វើការវិនិច្ឆ័យ ជំនុំជំរះដោយផ្អែកទៅលើច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិនានា
- កាត់សេចក្ដីដោយគ្មានការទទួលបញ្ជាពីស្ថាប័ន ឬបុគ្គលណាម្នាក់ ឬក្រុមគណបក្សនយោបាយណាមួយឡើយ
- កាត់សេចក្ដីដោយមិនលំអៀងទៅភាគីណាមួយ
- មិនទទួលផលប្រយោជន៍នៅក្នុងរឿងក្ដីដែលត្រូវធ្វើការជំនុំជំរះ
៣. សារៈប្រយោជន៍នៃលទ្ធិប្រជាធិបតេយ្យ ៖ រដ្ឋនៃសង្គមប្រជាធិបតេយ្យ ជានីតិរដ្ឋ ពោលគឺរាល់ការសម្រេចវិធានការ សកម្មភាពរបស់រដ្ឋាភិបាល ត្រូវមានមូលដ្ឋានច្បាប់ជានិច្ច ហើយមិនអាចបុគ្គលណា ឬក្រុមណា អាចប្រព្រឹត្តល្មើសច្បាប់បានឡើយ ។ លទ្ធិប្រជាធិបតេយ្យ មានសារៈប្រយោជន៍ក្នុងការជួយជំរុញការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ហើយជារបបមួយ ដែលជួយទប់ស្កាត់មិនឲ្យកើតមានសង្គ្រាម ការពារទប់ទល់មិនឲ្យកើតមានអំពើពុករលួយ និងចូលរួមលើកស្ទួយសុខសន្តិភាព និងសន្តិសុខក្នុងសង្គម ។ សារៈប្រយោជន៍នៃលទ្ធិប្រជាធិបតេយ្យជារួម មាន ៖
- រដ្ឋសភា និងរដ្ឋាភិបាលកើតឡើងដោយសារការបោះឆ្នោតពីប្រជាពលរដ្ឋដែលមានភាព
ទៀងទាត់ទៅតាមកាលកំណត់ ។ រាល់ការបោះឆ្នោត គឺប្រព្រឹត្តទៅដោយសេរី និងយុត្តធម៌នៅក្នុងចំណោមគណបក្សនយោបាយជាច្រើន ។
ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរិភាពក្នុងការនិយាយស្ដី បញ្ចេញមតិយោបល់ ឬបង្កើតសមាគម គោរពជំនឿសាសនារបស់ខ្លួន និងមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ។ ប្រសិនបើ មាននរណាម្នាក់ បាន
- ប្រព្រឹត្តខុសច្បាប់ នឹងត្រូវបានទទួលទោសស្មើៗគ្នា មិនថាថ្នាក់ដឹកនាំជាន់ខ្ពស់ ឬប្រជាជនតូចតាច សាមញ្ញ អ្នកមាន ឬអ្នកក្រឡើយ ។
- រាល់ការគ្រប់គ្រង និងដឹកនាំ ត្រូវប្រតិបត្តិទៅតាមច្បាប់
- ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការទៅបោះឆ្នោត និងឈរឈ្មោះជាបេក្ខជន
- ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិក្នុងការបង្កើតគណបក្សនយោបាយ សិទ្ធិប្រជុំ សិទ្ធិធ្វើកូដកម្ម ឬបាតុកម្ម សមស្របតាមច្បាប់កំណត់ និងមានសិទ្ធិអាចធ្វើញត្តិប្ដឹងដោយសន្តិវិធី
- រាល់ការកាត់ក្ដីរបស់តុលាការ គឺកាត់ក្ដីដោយយុត្តិធម៌ គ្មានលំអៀង និងមិនស្ថិតនៅក្រោមការកៀបសង្កត់របស់នរណាម្នាក់ ឬគណបក្សណាមួយ ហើយមានភាពឯករាជ្យ
- រាល់ការសម្ដែងមតិយោបល់តាមរយៈសារព័ត៌មាន ត្រូវធ្វើឡើងតាមឆន្ទៈរបស់ខ្លួន ក្នុងការរិះគន់ស្ថាបនា ។
ជារួម ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យ មានដំណើរការល្អ និងមាននិរន្តភាព លុះត្រាតែរាល់ការដឹកនាំ និងគ្រប់គ្រងរដ្ឋ ត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត ដោយសេរី និង យ៉ាងត្រឹមត្រូវបំផុត ។
សំណួរ
- តើលទ្ធិប្រជាធិបតេយ្យ ជាអ្វី ?
- តើលក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យ មានអ្វីខ្លះ ? ចូររៀបរាប់ ?
- ហេតុអ្វីបានជាលទ្ធិប្រជាធិបតេយ្យ ទាមទារឲ្យមានការបោះឆ្នោត ?
- ដើម្បីឲ្យមានដំណើរការលទ្ធិប្រជាធិបតេយ្យ អនុវត្តន៍ទៅបានល្អ តើសង្គមត្រូវទាមទារឲ្យមានអ្វីខ្លះ?
- ហេតុអ្វីបានជាសេរីភាព នៃសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ មានសារៈសំខាន់ ?
- ក្នុងលទ្ធិប្រជាធិបតេយ្យ តើមានគណបក្សនយោបាយច្រើន នាំមកនូវសារៈសំខាន់អ្វីខ្លះចំពោះសង្គមជាតិ ?
- ហេតុអ្វីបានជាអំណាចនៃការគ្រប់គ្រងរដ្ឋ ទាមទារឲ្យមានការបែងចែកអំណាច ដាច់ដោយឡែកពីគ្គា ?
- ហេតុអ្វីបានជាប្រទេសភាគច្រើន និយមជ្រើសរើសយកការដឹកនាំប្រទេសតាមលទ្ធិប្រជាធិបតេយ្យ ?
- ចូរសិក្សាស្រាវជ្រាវពីការគ្រប់គ្រងប្រទេស តាមបែបលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ?