Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

គេថា “តំលៃអប់រំពិសេសនៃរឿងទុំទាវ ស្ថិតនៅត្រង់ការបញ្ចប់សាច់រឿងដោយឱ្យតួអង្គទុំនិងទាវស្លាប់” ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

គេថា “តំលៃអប់រំពិសេសនៃរឿងទុំទាវ ស្ថិតនៅត្រង់ការបញ្ចប់សាច់រឿងដោយឱ្យតួអង្គទុំនិងទាវស្លាប់” ។ តើមរណភាពរបស់ទុំនិងទាវ មានតម្លៃអប់រំពិសេសដូចម្តេចខ្លះ?

សេចក្តីអធិប្បាយ

ជាទូទៅនៅក្នុងបណ្តាស្នាដៃអក្សរសិល្ប៍ខ្មែរទាំងប្រភេទអក្សរសិល្ប៍ប្រជាប្រិយទាំងអក្សរសិល្ប៍បុរាណនិងទាំងស្នាដៃអក្សរសិល្ប៍ទំនើបគេបានសង្កេតឃើញថាក្នុងការបញ្ចប់រឿងនីមួយៗទាំងកវីទាំងអ្នកនិពន្ធច្រើនឱ្យត្ួរអង្គបានជួបជុំសុខុដុមរមនា រីឯតួអង្គអយុត្តិធម៌ចាញ់តួរអង្គយុត្តិធម៌និងតួរអង្គទន់ខ្សោយឈ្នះតួអង្គខ្លាំង។ ប៉ុន្តែផ្ទុយពីគំហើញនេះ ព្រះបទុមត្ថេរភិក្ខុសោមត្រលប់កែប្រែជាឱ្យតួអង្គស្លូតត្រង់ទុំនិងទាវស្លាប់ទៅវិញ។ដោយហេតុនេះហើយទើបធ្វើឱ្យអ្នកសិក្សាខ្លះយល់ថា “តម្លៃអប់រំពិសេសរឿងទុំទាវស្ថិតនៅត្រង់ការបញ្ចប់សាច់រឿងដោយឱ្យតួអង្គទុំនិងទាវស្តាប់”។

តើមរណភាពរបស់ទុំនិងទាវមាន តម្លៃអប់រំពិសេសតូចម្តេចខ្លះ?

មុននឹងឈានដល់ការបកស្រាយប្រធានអោយបានស៊ីជំរៅ និងមានលក្ខណៈក្បោះក្បាយល្អយើងគប្បីត្រូវយល់ន័យនៃពាក្យ “តម្លៃអប់រំពិសេសជាមុនសិន” ។ ពាក្យថាតម្លៃអប់រំពិសេសក្នុងទីនេះសំដៅយកតម្លៃនៃការ​ទូន្មានដាស់ទឿនក្រើនរំលឹកខ្ពស់បំផុតក្នុងការជួយកែលំអមនុស្សឱ្យឈរលើការយល់ឃើញត្រូវនឹងដើរតាមផ្លូវល្អជាប្រយោជន៍សំរាប់ខ្លួនឯងផងនិងសំរាប់សង្គមជាតិរបស់ខ្លួនផង។ មតិដែលយល់ឃើញ ដោយប្រធានខាងលើមានអត្ថន័យចង់និយាយថា តម្លៃអប់រំពិសេសរបស់រឿងទុំទាវស្ថិតនៅត្រង់ការបញ្ចប់សាច់រឿងដោយឱ្យតួអង្គទុំនិងទាវស្លាប់។ជុំវិញការសិក្សាចលនាអក្សរសិល្ប៍រឿងទុំទាវត្រង់សិល្ប៍វិជ្ជាដែលភិក្ខុសោមឱ្យតួអង្គទុំនិងទាវស្លាប់ត្រង់ទីអវសាននៃរឿងថាជាប្រការដែលធ្វើឱ្យរឿងទុំទាវបានទៅជាស្នាដៃអក្សរសិល្ប៍ខ្មែរមួយដ៏មានតម្លៃអប់រំពិសេសរបស់ខ្លួន។ ហេតុផលដំបូងបង្អស់ត្រូវបានគេរកឃើញថា មរណភាពរបស់តួអង្គទុំនិងទាវបានផ្តល់ឱ្យសាច់រឿងមានតម្លៃអប់រំយុវវ័យខ្មែរដែលជាបព្វជិតឱ្យប្រតិបត្តិខ្លួនបានត្រឹមត្រូវបរិសុទ្ធ ផូរផង់ចំពោះធម៌អារវិន័យរបស់ព្រះពុទ្ធសាសនាដោយកុំរៀនសូត្រតាមគំរូអាក្រក់របស់ នេនទុំព្រោះតែលួចស្រលាញ់ស្រី ទុំបានស្លៀកស្បង់មិនកោរសក់ឆ្លុះកញ្ចក់ធ្មេចនេត្រា ដោយសារតែ សេចក្តីស្នេហាទើបជាប្រការធ្វើឱ្យទុំវង្វេងវង្វាន់ភាន់ភាំងស្មារតីគិតអ្វីមិនយល់ បែរទៅជាមានធម៌អស្មិមានះរឹងទទឹង ចចេសមិនស្តាប់ពាក្យទូន្មានប្រៀនប្រដៅរបស់លោកគ្រូឧបជ្ឈាយ៍ ហើយនៅតែបង្ខំសឹកដោយអត្តនោម័តតាមទស្សនៈថា “វន្ទាវន្ទៈ អ្នកកុំឃាត់ដោះស្បង់ចោលដោះលែងស្រណោះ” ។ មរណៈភាពរបស់ទុំនិងទាវក៏នៅមានតម្លៃអប់រំពិសេសមួយទៀតដោយបានជួយរួមចំណែកក្នុងការអប់រំសង្គមយុវវ័យខ្មែរដែលជាគ្រហស្ថឱ្យប្រតិបត្តិខ្លួនបានត្រឹមត្រូវតាមតម្រានៃប្រពៃណីដ៏ល្អផូផង់របស់សង្គមជាតិយើង។ ក្នុងនាមភេទជាគ្រហស្ថទុំនិងទាវមានកំហុសមួយដ៏ធ្ងន់ធ្ងរគឺបានប្រព្រឹត្តមិនល្អចំពោះប្រពៃណ៌តាមវិធី “ទុំមុនស្រគាល” ។ រឿងទុំទាវ ក៏ជារឿងដែលមានតម្លៃអប់រំពិសេសមួយទៀតគឺបានជួយដាស់រំលឹកមាតាបិតាខ្មែរគ្រប់ជំនាន់ឱ្យមើលឃើញពីវិបត្តិដែលជា ផលវិបាក និងអាក្រក់ដែលបង្កឡើងដោយសារតែម៉ែឪបង្ខិតបង្ខំកូនឱ្យជ្រើសរើសគូស្រករតាមតែគំនិតអត្តនោ ម័តរបស់ឪពុកម្តាយដោយពុំផ្តល់សិទ្ធិស្វ័យសំរេចដល់កូនប្រុសកូនស្រីសូម្បីតែបន្តិចសោះឡើយ។ នេះគឺជាការទុកដាក់កូនចៅឱ្យមានគូស្រករតាមបែបទស្សនៈអភិរក្សនិយម “នំមិនធំជាងនាឡិ”។ ម្តាយនាងទាវព្រោះតែធ្វើតាមគំនិតបុរាណនេះហើយទើបទីបំផុតទៅ ក៏ត្រូវធ្លាក់ទៅក្នុងវិបដិសារីដ៏ធ្ងន់ធ្ងរព្រោះនាងទាវកូនរបស់គាត់បានធ្វើអត្តឃាតតាមខ្មោចទុំបាត់ទៅហើយ។ ក្រៅពីករណីខាងលើនេះរឿងទុំទាវក៏បានរួមចំណែកក្នុងការជួយដាស់រំលឹកមន្ត្រី អ្នកមានឋានៈខ្ពស់យសក្ដិធំដូចអរជូន ដែលជាស្តេចក្រាញ់នៅខេត្ត ប្រើអំណាចបំពានមកលើរាស្ត្រតូចតាច។ ដោយសារតែអរជូនបានប្រព្រឹត្តខ្លួនខុសមកលើរាស្ត្រស្លូតត្រង់ដោយប្រើដៃជើងឱ្យសម្លាប់ទុំបំបិទមាត់នោះហើយបានជាអរជូន គ្រួសារញាតិការទាំងប្រាំពីរសណ្ដានត្រូវជាប់ទោសស្ងោរទាំងរស់ដោយទុកអោយផ្លែផ្លិចលិចរលួយ។

ដូចនេះ ជាសរុបមកការស្លាប់បស់ទុំនិងទាវមានតម្លៃអប់រំពិសេសបួនគឺ អប់រំយុវជនខ្មែរនិងបុព្វជិត ដាស់រំលឹកឪពុកម្ដាយខ្មែរជុំវិញបញ្ហាការទុកដាក់កូនចៅឱ្យមានគូស្រករ និងអប់រំមន្ត្រីឱ្យសាងម្លប់ដ៏ត្រជាក់សំរាប់ឲ្យរាស្រ្តបានជ្រក។

យោងតាមសំរាយបំភ្លឺរួចមកនេះ អាចឱ្យយើងយល់ពីទស្សនៈលើកឡើងរបស់ប្រធាន ថាជាការយល់ឃើញមួយដែលត្រឹមត្រូវ និងសមស្របទាំងស្រុងទៅនឹងការពិតមួយ។ អាស្រ័យហេតុនេះរឿងទុំទាវមានតម្លៃអប់រំពិសេសបែបនេះហើយ ទើបដំណើររឿងបានបញ្ចូលមកក្នុងកម្មវិធីសិក្សានៅគ្រប់តែជំនាន់។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1