មេរៀនទី១៖ ប្រវត្តិកំណើតសាសនា (មេរៀនសង្ខេប សំណួរ ចម្លើយ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី២ : វប្បធម៌សន្តិភាព
មេរៀនទី១៖ ប្រវត្តិកំណើតសាសនា
មេរៀនសង្ខេប
១- កំណើតមនុស្ស និងតម្រូវការជំនឿ
មនុស្សនៅសម័យបុព្វកាល ឬសម័យបុរេប្រវត្តិសាស្ត្រ ពុំទាន់មានចំណេះដឹងសមស្រប ហើយគេពុំអាចយល់ដឹងការពិតនៃជីវិតធម្មជាតិ និងអ្វីៗដែលកើតមានដល់គេ នៅក្រោយពេលគេស្លាប់ទៅ ។ តាមការយល់ដឹងបន្តិចបន្តួចរបស់គេ គេបានសង្ស័យថា នឹងមានអានុភាព ឬកម្លាំងអាថ៌កំបាំងណាមួយដែលបានបង្កើតរឿងរ៉ាវ ឬបាតុភូតផ្សេងៗ ដែលនាំឲ្យគេសម្គាល់ឃើញថា វាហាក់ដូចជាមានឋាមពលអ្វីមួយនៅពីក្រោយអានុភាពទាំងឡាយនៃធម្មជាតិ ។ ទីបំផុត អំពើទាំងឡាយដើម្បីសុំសេចក្តីអនុគ្រោះអំពីអានុភាពទាំងឡាយនោះ ត្រូវបានក្លាយទៅជាទម្រង់នៃការគោរពបូជា ។ ដើម្បីបញ្ជាក់អំពីការខិតខំរបស់ពួកគេក្នុងទំនាក់ទំនងជាមួយអានុភាពទាំងនោះ ពួកគេក៏បានបង្កើតឈ្មោះ និង រូបភាពប្លែកៗ ដូចជាគេបានប្រឌិតបង្កើតអានុភាពនោះឡើងក្នុងរូបភាពជាមនុស្ស ឬក្នុងរូបភាពជាថ្លុកផ្សេងៗ ដែលមិនមែនរូបរាងជាមនុស្ស សម្រាប់បន់ស្រន់ក្នុងបំណងបញ្ចប់នូវអារម្មណ៍តក់ស្លុត និងភ័យខ្លាចរបស់គេ ។
ដូច្នេះ គេអាចសន្និដ្ឋានបានថា ជំនឿ និងសាសនា មានដើមកំណើតមកពីសេចក្តីត្រូវការ សេចក្តីសង្ស័យ ហើយសំខាន់ជាងគេគឺសេចក្តីភ័យខ្លាច និងអារម្មណ៍តក់ស្លុតរបស់មនុស្សនៅចំពោះមុខអានុភាពនៃអធិធម្មជាតិ ឬវត្ថុអាថ៌កំបាំង និងស័ក្តិសិទ្ធិមួយចំនួនដែលមានអំណាចដ៏អស្ចារ្យ ។
១- និយមន័យសាសនា
- វនានុក្រមខ្មែរ ៖ សាសនាជាពាក្យប្រើក្លាយមកពីពាក្យសាសនៈ ដែលមានន័យថាពាក្យបណ្ដាំ ពាក្យប្រៀនប្រដៅ លទ្ធិ ពាក្យបង្គាប់ ការជឿ ស្តាប់…។ល។
- កាល់ម៉ាក់ (Karl Marx)ជនជាតិអាល្លឺម៉ង់ ៖ សាសនា ជាអាភៀនរបស់មនុស្សដែលផ្ដល់ដល់មនុស្សនូវភាពអស្ចារ្យទៅលើតថភាព ការសង្ឃឹមបែបមមើទៅលើសុភមង្គលក្នុងជីវិតក្រោយមរណភាពដែលនឹងទូទាត់ឲ្យអំពើអាក្រក់ឃោរឃៅនៃអត្ថិភាពបច្ចុប្បន្ន ។
- កាន (Kant)ទស្សនវិទូអាល្លឺម៉ង់ ៖ សាសនា គឺជាការទទួលស្គាល់និយាមសីលធម៌របស់យើងទុកជាច្បាប់ដែលមិនត្រូវប្រព្រឹត្តកន្លង ។
ជារួម សាសនា គឺជាទម្រង់មួយនៃគំនិតប្រាជ្ញា ជាប្រព័ន្ធនៃជំនឿ ជាស្នូលនៃការអប់រំ ជានិយាមសីលធម៌ ជាសកម្មភាពរបស់មនុស្សក្នុងការស្វែងរកសេចក្តីស្ងប់ខាងផ្លូវចិត្ត ។
៣- សាសនាធំៗក្នុងពិភពលោក
- ព្រះពុទ្ធសាសនា (សតវត្សទី ៦ មុន គ.ស ឬ៥៤៣ឆ្នាំ មុន គ.ស)
- គ្រិស្តសាសនា(ដើម គ.ស ឬ៥៤៣ឆ្នាំ ក្រោយ ព.ស)
- ឥស្លាមសាសនា(ដើម គ.ស ៦២២)
- ហិណ្ឌូសាសនា(សតវត្សទី ១០ នៃ គ.ស)
សម្គាល់ ៖ សាសនាព្រះពុទ្ធ មានប្រជាជនច្រើនលានអ្នកគោរពក្នុងពិភពលោក ក្នុងនោះគឺ កម្ពុជា ថៃ ឡាវ ភូមាជាដើម ។
សំណួរ
- តើជំនឿលើវត្ថុស័ក្តិសិទ្ធិ និងជំនឿសាសនា កើតឡើងយ៉ាងដូចម្ដេច ?
- ចំពោះអ្នក តើនិយមន័យសាសនាមួយណា ដែលអ្នកយល់ថាមានលក្ខណៈត្រឹមត្រូវ ? ចូរបង្ហាញហេតុផល ?
- ប្រជាជនខ្មែរភាគច្រើនដ៏លើសលប់ គោរពព្រះពុទ្ធសាសនា ។ តើព្រះពុទ្ធសាសនា មានលក្ខណៈសំខាន់អ្វីខ្លះដែលនាំឲ្យប្រជាជនខ្មែរគោរពប្រតិបត្តិ?
- ព្រះពុទ្ធសាសនា មិនត្រឹមតែមានឈ្មោះថា សាសនារបស់រដ្ឋទេ តែព្រះពុទ្ធសាសនាបានក្លាយទៅជា វប្បធម៌របស់ជាតិខ្មែរក្នុងការកំណត់វិថីជីវិតរបស់ខ្មែរ តាំងពីកើតរហូតដល់ស្លាប់ ។ តើពំនោលនេះ មានន័យដូចម្ដេច ?