Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

មេរៀនទី៤៖    ភាពជាអ្នកដឹកនាំ (មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩)

គ្រូបង្រៀន
VE
44 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ-ចម្លើយ ថ្នាក់ទី៩

ជំពូកទី ២  ការរស់នៅជាមួយសហគមន៍

មេរៀនទី៤៖    ភាពជាអ្នកដឹកនាំ

មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩

មេរៀនសង្ខេប

ដើម្បីរស់  និងអភិវឌ្ឍមនុស្សមិនអាចរស់នៅម្នាក់ឯងបានទេ គឺត្រូវរស់នៅក្នុងសង្គម។

ការរស់នៅបែបនេះចាំបាច់ត្រូវតែមានអ្នកដឹកនាំ ដើម្បី​ចង្អុល​បង្ហាញផ្លូវ សម្របសម្រួល​រាល់​កិច្ចការ ជួយ​ដោះ​ស្រាយនិងកែតម្រូវរឿងរ៉ាវផ្សេងៗដែលកើតមានឡើង។ ប៉ុន្តែភាពជោគជ័យ ឬបរាជ័យ សំខាន់ទៅ​លើទេពកោសល្យ ភាពឈ្លាសវៃរបស់អ្នកដឹកនាំ។ ភាពជាអ្នកដឹកនាំ មិនសំដៅតែលើអ្នកមាន​បុណ្យសក្តិ​ច្បាស់​នោះទេ តែសំដៅលើមនុស្សដែលមានការអភិវឌ្ឍបុគ្គលិកលក្ខណៈ និងជំនាញរបស់ខ្លួន ដើម្បី​សម្រេច​គោល​ដៅអភិវឌ្ឍរបស់ក្រុម ឬអង្គភាពរបស់ខ្លួន។

ការដឹកនាំត្រូវបានបែងចែកជាពីរប្រភេទ៖

  • គឺទី១ ការដឹកនាំបែបផ្តាច់ការដែលមេដឹកនាំកើតឡើងដោយការបន្តវង្សត្រកូល ឬការដណ្ដើមអំណាចដោយយោធា ហើយរាល់ផែនការអភិវឌ្ឍត្រូវបានអនុម័តដោយខ្លួនឯង ដោយគ្មានការចូលរួមពីអ្នកក្រោមឱវាទ ឬប្រជាពលរដ្ឋឡើយ ។
  • ទី២ ការដឹកនាំបែបប្រជាធិបតេយ្យ ដែលមេដឹកនាំត្រូវបានកើតឡើងពីការបោះឆ្នោតគាំទ្រ ការបង្កើតផែនការ មិនអត្តនោម័តិ ហើយមានការចូលរួមពីប្រជាពលរដ្ឋ ឬអ្នកក្រោមឱវាទដោយផ្ទាល់ឬដោយតំណាង ។ក្នុងការដឹកនាំ ដើម្បីសម្រេចគោលបំណង និងលទ្ធផលរំពឹងទុកតាមផែនការអ្នកដឹកនាំ ។ អ្នកដឹកនាំត្រូវអនុវត្តតាមមុខងារសំខាន់ ៤ ក្នុងនោះមាន ការធ្វើផែនការ ការចាត់តាំង ការដឹកនាំ និង ការត្រួតពិនិត្យ ។ មិនតែប៉ុណ្ណោះអ្នកដឹកនាំត្រូវទទួលខុសត្រូវ និងធ្វើឱ្យមានប្រសិទ្ធភាពនៃការងារដឹកនាំរបស់ខ្លួន ។ មលដ្ឋានដ៏សំខាន់នៃប្រសិទ្ធភាពការងារដឹកនាំមានដូចជា ការស្រឡាញ់ ចូលចិត្តឥតលំអៀងដល់អ្នកក្រោមឱវាទពិនិត្យតាមដានកែលម្អការអនុវត្តផែនការជាប្រចាំរហូតដល់ទីបញ្ចប់ក្នុងការអនុវត្តផែនការ មានឥរិយាបថល្អ ចេះជួយយកអាសាអ្នកក្រោមឱវាទ ពិសេសអ្នកដែលទន់ខ្សោយផ្នែកជីវភាព ខ្វះជំនាញ ជំរុញការប្តូរបទពិសោធរបស់សមាជិកក្នុងក្រុម និងលើកទឹកចិត្តដល់អ្នកដែលមានស្នាដៃល្អក្នុងការងារ ។

ការដឹកនាំសហគមន៍ ជាការងារដ៏សំខាន់របស់មេភូមិ ចៅសង្កាត់ ដោយចាំបាច់ត្រូវរៀបផែនការ​យុទ្ធសាស្រ្ត ឱ្យឆ្លើយតបតាមផែនការរយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងឆ្លើយតបនឹងតម្រូវការរបស់សហគមន៍មូលដ្ឋាន ។ ការធ្វើផែនការអាចមានប្រសិទ្ធភាព គឺអាស្រ័យលើការរៀបចំផែនការចាំបាច់ដែលមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បានយល់ បានផ្ដល់អនុសាសន៍ និងចូលរួមអនុវត្តន៍ ។

អភិបាលរាជធានី/ខេត្ត គឺជាអ្នកតំណាងរាជរដ្ឋាភិបាលនៅតាមរាជធានី/ខេត្តនីមួយៗដែល​ខ្លួន​គ្រប់គ្រង និងត្រូវបានដឹកនាំដោយក្រសួងមហាផ្ទៃ ។ ការងារគ្រប់គ្រងដ៏សំខាន់របស់អភិបាលរាជធានី/ខេត្ត មា​​នដូចជា៖

  • ការងាររដ្ឋបាល
  • ការអនុវត្តផែនការយុទ្ធសាស្រ្តគោលនយោបាយរបស់រាជរដ្ឋាភិបាល
  • គ្រប់គ្រងសេវាមន្ទីសាធារណៈ
  • ការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងដោះស្រាយទំនាស់ការងាររដ្ឋបាលមួយចំនួន ។

ដោយឡែក រាជរដ្ឋាភិបាលមាននាទីសំខាន់ណាស់ ដោយទទួលខុសត្រូវចំពោះមុខរដ្ឋសភា និងព្រឹទ្ធសភា ក្នុងការអនុវត្តនយោបាយទូទៅ និងសកម្មភាពរបស់ខ្លួនឱ្យស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ       កម្ពុជា ។

សំណួរ និងចម្លើយ

  • តើភាពជាអ្នកដឹកនាំមានអត្ថន័យដូចម្ដេច?
  • តើការដឹកនាំមានប៉ុន្មានបែប? គឺអ្វីខ្លះ?
  • តើភាពជាអ្នកដឹកនាំមានមុខងារ និងការទទួលខុសត្រូវលើផ្នែកអ្វីខ្លះ?
  • តើការដឹកនាំសហគមន៍ត្រូវយកចិត្តទុកដាក់លើផ្នែកអ្វីខ្លះ ?
  • ចូររៀបរាប់ពីការទទួលខុសត្រូវរបស់អភិបាលរាជធានី/ខេត្ត ?
  • តើរាជរដ្ឋាភិបាលមានតួនាទីអ្វីខ្លះ?
  • តើការដឹកនាំបែបផ្តាច់ការមានខ្លឹមសារដូចម្តេច?
  • តើការដឹកនាំបែបប្រជាធិបតេយ្យមានខ្លឹមសារដូចម្តេច?
  • ចូរប្រៀបធៀបការដឹកនាំបែបផ្តាច់ការ និងការដឹកនាំបែបប្រជាធិបតេយ្យ។
  • តើអ្នកដឹកនាំត្រូវយកចិត្តទុកដាក់លើមុខងារសំខាន់អ្វីខ្លះ? ចូរពន្យល់។
  • តើមុខងារត្រួតពិនិត្យរបស់អ្នកដឹកនាំត្រូវត្រួតពិនិត្យលើអ្វីខ្លះ? ចូរពន្យល់។
  • តើអ្នកដឹកនាំត្រូវធ្វើដូចម្តេចដើម្បីឱ្យការទទួលខុសត្រូវ និងដឹកនាំរបស់ខ្លួនមានប្រសិទ្ធភាព?
  • តើដើម្បីដឹកនាំភូមិ -ឃុំបានល្អ ក្រុមប្រឹក្សាឃុំ/សង្កាត់ត្រូវធ្វើដូចម្តេច?
  • ចូរពន្យល់ពីការតែងតាំងអភិបាលរាជធានី /ខេត្ត។
  • តើនៅក្នុងអាណត្តិទី ៤នៃនីតិកាលរដ្ឋសភា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមានគោលនយោបាយកាត់បន្ថយភាពក្រីក្រ ដោយផ្ធែកលើវិស័យអ្វីខ្លះ?
  • តើអ្នកដឹកនាំមានសារៈសំខាន់អ្វីខ្លះ?

 

ប្រភព៖ សៀវភៅសិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា

មេរៀនទី៤៖    ភាពជាអ្នកដឹកនាំ
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 16