មេរៀនទី៧៖ ភាពជាបព្វជិតក្នុងសាសនាឥស្លាម (មេរៀនសង្ខេប សំណួរ ចម្លើយ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី២ : វប្បធម៌សន្តិភាព
មេរៀនទី៧៖ ភាពជាបព្វជិតក្នុងសាសនាឥស្លាម
មេរៀនសង្ខេប
ពាក្យឥស្លាមក្នុងភាសាអារ៉ាប់មានន័យថា «ការគោរព ស្លូតបូត ការទទួលស្ដាប់បង្គាប់ ការឳនលំទោន ការចាកផុតពីគ្រោះទាំងឡាយ» ។ សាសនាឥស្លាមត្រូវបានបង្កើតឡើងដាយជនជាតិអារ៉ាប់ម្នាក់ឈ្មោះ មហាម័ត នៅទីក្រុងឡាម៉ិច ក្នុងប្រទេសអារ៉ាប៊ីសាអូឌិត នៅឆ្នាំ 622 នៃគ.ស ។ គេគោរព តែព្រះ អាល់ឡោះ និងត្រូវបានផ្សព្វផ្សាយលទ្ធិសាសនាដោយ មហាម័ត ។
១- អត្ថិភាពសាសនាឥស្លាមក្នុងសង្គមខ្មែរ
ឥស្លាមសាសនា បានចាប់បដិសន្ធិនៅក្នុងសង្គមខ្មែរតាំងពីសតវត្សទី ១៥ ដោយសារ ៖
- ដាយវៀត បានសម្លាប់ និងដណ្ដើមយកប្រទេសចម្ប៉ានៅចុងសតវត្សទី ១៥ ។ ប្រជាជនចាម ដែលចាញ់សង្គ្រាម បានរត់មកសុំជ្រកកោននៅកម្ពុជា ។ នៅឆ្នាំ១៦៩២ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី៤ ជនជាតិចាម ៥០០០នាក់ ដែលដាយវៀតបណ្ដេញចេញពីមាតុភូមិបានមកសុំសិទ្ធិជ្រកកោននៅកម្ពុជា។
- អ្នកជំនួញជនជាតិជ្វា ធ្វើដំណើរមកពីកោះជ្វាក្នុងប្រទេសឥណ្ឌូនេស៊ី រួចក៏បានមករៀបការជាមួយស្ត្រីខ្មែរ និងរស់នៅលើទឹកដីខ្មែរ
២- ការបួស និងអត្ថន័យនៃការបួស
សាសនិកឥស្លាមម្នាក់ៗ ត្រូវមានជំនឿ និងប្រតិបត្តិមាគ៌ា ៥ យ៉ាង ៖
- ការជឿជាក់ថាព្រះអាល់ឡោះគឺជាព្រះតែមួយគត់នៅក្នុងលោកហើយមហាម័តគឺជាអ្នកបម្រើនិងជាទេវទូតនៃព្រះអង្គ។
- ការសូត្រធម៌ថ្វាយបង្គំបួងសួងដល់ព្រះ ៥ដង ក្នុងរយៈពេល២៤ម៉ោង
- ការបួស និងតមអាហារពេញមួយខែក្នុងមួយឆ្នាំ ដែលគេហៅថាខែ រ៉ាម៉ាដន ។
- ការធ្វើទានដែលជាកាតព្វកិច្ចរបស់ខ្លួនចំពោះសង្គម ជាពិសេសចំពោះអ្នកក្រ និងទុរគតជន ។
- ការធ្វើធម្មយាត្រាទៅទីក្រុងឡាម៉ិច យ៉ាងហោចណាស់ ឲ្យបានមួយដងក្នុងមួយជីវិត ។
ក. ការបួស
ឥស្លាមសាសនិកទាំងអស់ដែលជាអ្នកបួសនៅខែ រ៉ាម៉ាដន (Ramadan) គឺមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ។ ពួកគេ តមមិនបរិភោគចំណីអាហារមិនផឹក មិនមើលគ្នាក្នុងផ្លូវស្នេហា ដោយគិតចាប់ពីព្រលឹមស្រាងអរុណរះរហូតដល់ថ្ងៃលិច និងសូត្រធម៌ថ្វាយបង្គំដោយបែរមុខទៅរកទីក្រុងឡាម៉ិច ប្រកបដោយការគោរពប្រណិប័តន៍ចំពោះព្រះអាល់ឡោះ ។ ពិធីបួស ត្រូវចាប់ផ្ដើមឡើងនៅក្នុងពិធីបុណ្យ រ៉ាម៉ាដន ដែលមានរយៈពេលមួយខែជារៀងរាល់ឆ្នាំ ។ ពិធីបុណ្យ រ៉ម៉ាដន ប្រព្រឹត្តទៅក្នុងខែ រ៉ាម៉ាដន ត្រូវនឹងខែច័ន្ទគតិទី ៩ នៃប្រតទិនឥស្លាម ដោយពេលនេះសាសនិកឥស្លាមទាំងអស់ ត្រូវតមពេញមួយខែ ក្នុងកំឡុងពេលថ្ងៃ លើកលែងតែស្ត្រីមានគភ៌ មនុស្សមានជំងឺ និងចាស់ជរា អាចបរិភោគបាន ។
ខ.អត្ថន័យនៃការបួស
កាបួសនៃសាសនិកឥស្លាម មានអត្ថន័យដូចជា ៖
- ការធ្វើតាម គោរពតាមបញ្ជារបស់ព្រះអាល់ឡោះ ។ បំណងសំខាន់គឺ ការគោរពកោតខ្លចព្រះអាល់ឡោះ ។
- ការធ្វើឲ្យអ្នកបួសទាំងអស់បានដឹងពីរសជាតិនៃជីវិតរបស់អ្នកក្រីក្រ អត់អាហារបរិភោគ ដើម្បីឲ្យអ្នកបួសចេះជួយគ្នា ចែករំលែកគ្នាដើម្បីរស់
- ការទទួលបានផលបុណ្យទៅបរលោក ព្រោះថានៅក្នុងឋានសួគ៌នៃសាសនាឥស្លាម មានច្រកទ្វារមួយឈ្មោះ រ៉យ៉្យាន ។ អ្នកដែលបានបួស នឹងបានទៅកាន់ឋានសួគ៌តាមច្រកទ្វារនោះ ។ ច្រកទ្វារនេះ បានបើកឡើងហើយអ្នកដែលបានបួស បាននាំគ្នាដើរចូលតាមច្រកទ្វារនោះ ទៅកាន់ឋានសួគ៌ តែគេមិនអនុញ្ញាតឲ្យនរណាក្រៅពីអ្នកបួសឡើយ ។
- ផ្នែកសតិអារម្មណ៍ ធើ្វឲ្យអ្នកមានទម្លាប់ពង្រឹងគោលជំហរក្នុងការអត់ធ្មត់ ការពារ និងទប់ស្កាត់រាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ និងធ្វើឲ្យគេមានថាមពលខ្លាំងក្លា តាមរយៈការជឿ ការគោរពខ្លាច និងដើរតាមគន្លងធម៌របស់ព្រះអាល់ឡោះ ។
- ផ្នែកសង្គម ធ្វើឲ្យអ្នកបួសមានទម្លាប់គោរពច្បាប់ មានសាមគ្គីភាព ស្រឡាញ់យុត្តិធម៌ សមធម៌ មានសញ្ចេតនាអាណិតអាសូរ មានសុជីវធម៌ ជាពិសេសការពារសង្គមពីអំពើអាក្រក់ និងការខិលខូច ។
- សុខភាព ធ្វើឲ្យអ្នកបួសមានរាងកាយមាំមួន សម្អាតកាកសំណល់អាក្រក់ចេញពីសរីរាង្គកាយ ដូចជាក្នុងពោះវៀន ក្រពះជាដើម ជាពិសេសកាត់បន្ថយសារធាតុខ្លាញ់ពីសរសៃឈាម និងសំបកខួរក្បាល ។
៣-និកាយក្នុងសាសនាឥស្លាម
រវាងឆ្នាំ 656-657 គ.ស ជម្លោះបែកបាក់ផ្ទៃក្នុងសាសនាឥស្លាម បានកើតឡើងដោយសារមានគំនិតពីផ្ទុយគ្នា ៖
ក-និកាយស៊ីអ៊ីត
មានជំនឿ និងទទួលស្គាល់ថា មានតែអាលី (Ali) ដែលជាក្មួយរបស់មហាម័ត ។
ខ-និកាយស៊ុននីត
ជានិកាយធំជាងគេ ហើយគេគោរពមេដឹកនាំដែលគេបានជ្រើសរើសឡើង ទៅតាមក្រុមរបស់ពួកគេហៅថា អ៊ីម៉ាំ ។
៤- ជីវភាពអ្នកបួសក្នុងសាសនាឥស្លាម
ក្នុងខែ រ៉ាម៉ាដន ដែលជាខែបួសរបស់សាសនិកឥស្លាម អ្នកបួសមានកាតព្វកិច្ចសំខាន់ពីរ គឺការតមអាហារ តមទឹក តមសេពសន្ទវៈ និងការប្រតិបត្តិសូត្រធម៌ក្នុងមួយថ្ងៃ ៥ដងគឺ ៖
- នៅពេលព្រឹកព្រលឹមមុនថ្ងៃរះ
- ពេលថ្ងៃត្រង់ ឬបន្ទាប់ថ្ងៃត្រង់
- ពេលរសៀល
- ពេលល្ងាច ឬបន្ទាប់ពេលល្ងាច
- ពេលរាត្រី មុនពេលចូលដំណេក
សំណួរ
- តើពាក្យឥស្លាម ក្នុងភាសាអារ៉ាប់ មានន័យដូចម្ដេច ?
- ចូរបង្ហាញអំពីមូលហេតុនៃការកកើតសាសនាឥស្លាមក្នុងប្រទេសកម្ពុជា ?
- ចូររៀបរាប់ពីការបួសក្នុងសាសនាឥស្លាម និងអត្ថន័យនៃការបួស ?
- តើអ្វីជាភាពខុសគ្នារវាងនិកាយស៊ុននីត និងនិកាយស៊ីអ៊ីត ?
- តើអ្នកយល់ដូចម្ដេចចំពោះអ្នកប្រតិបត្តិសាសនាឥស្លាម ?
- ចូរសិក្សាស្រាវជ្រាវអំពីការអប់រំសីលធម៌របស់សាសនាឥស្លាម ?