Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

គេថា "សម្បត្តិវប្បធម៌ខ្មែរទាំងអស់ពុំមែនគ្រាន់តែជាបេតិកភណ្ឌរបស់ខ្មែរប៉ុណ្ណោះទេ តែវាក៏ជាបេតិកភណ្ឌរបស់ពិភពលោកផងដែរ" ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ប្រធាន៖ គេថា “សម្បត្តិវប្បធម៌ខ្មែរទាំងអស់ពុំមែនគ្រាន់តែជាបេតិកភណ្ឌរបស់ខ្មែរប៉ុណ្ណោះទេ តែវាក៏ជាបេតិកភណ្ឌរបស់ពិភពលោកផងដែរ” ។ ហេតុអ្វីក៏យ៉ាងដូចច្នេះ ? ចូរពន្យល់។

សេចក្តីអធិប្បាយ

ខ្មែរជាជាតិសាសន៍មួយដែលមានកេរ្តិ៍ឈ្មោះល្បីរន្ធឺសុសសាយនៅលើសកលលោក ព្រោះខ្មែរមានសម្បត្តិច្រើនអនេក ហើយសំបូរបែបរាយពាសពេញផ្ទៃប្រទេស។ សម្បត្តិវប្បធម៌ទាំងអស់នេះ ជាមរកតដ៏មានតម្លៃពុំអាចកាត់ថ្លៃបានរបស់ខ្មែរ ព្រមទាំងរបស់មនុស្សជាតិទូទៅផងដែរ។ ហេតុនេះហើយទើបគេថា “សម្បត្តិវប្បធម៌ខ្មែរទាំងអស់ ពុំមែនគ្រាន់តែជាបេតិកភណ្ឌរបស់ខ្មែរប៉ុណ្ណោះទេ តែវាក៏ជាបេតិកភណ្ឌរបស់ពិភពលោកផងដែរ

ដើម្បីជាគំនិតក្នុងការបកស្រាយប្រធានបទខាងលើនេះ យើងត្រូវយល់ពីពាក្យសម្បត្តិវប្បធម៌ បេតិកភណ្ឌ។ សម្បត្តិវប្បធម៌ គឺសម្បត្តិសំរាប់ការផ្សំបណ្តុះចំនេះវិជ្ជា និងប្រាជ្ញាស្មារតីឱ្យបាន លូតលាស់ចំរើនដោយវិទ្យាសាស្ត្រ រឺដោយសិល្បៈផ្សេងៗ។ បេតិកភណ្ឌ គឺទ្រព្យសម្បត្តិ រឺកេរ្តិ៍មរកតដែលមានជាប់តមកពីខាងឪពុក។ ប្រធានបទមានន័យថា សម្បត្តិដែលទាក់ទងទៅនឹងការបង្កើតចំនេះដឹងពុំមែនគ្រាន់តែជាសម្បត្តិមានតំលៃខ្ពស់សំរាប់ខ្មែរប៉ុណ្ណោះទេ តែវាជាសម្បត្តិបណ្តុះនូវចំនេះនិងប្រាជ្ញាស្មារតីមនុស្សជាតិទាំងអស់លើសាកលលោកផងដែរ។

ជាការពិតណាស់សម្បត្តិវប្បធម៌ខ្មែរទាំងអស់ពុំមែនគ្រាន់តែជាបេតិកភណ្ឌរបស់ខ្មែរ ប៉ុណ្ណោះទេ តែវាក៏ជាបេតិកភណ្ឌពិភពលោកផងដែរ នៅលើទឹកដីខ្មែរ មានសម្បត្តិវប្បធម៌ ដេរដាសពាសពេញលើផ្ទៃដីរបស់ខ្មែរ ដែលជាស្នាដៃរបស់បុព្វបុរសបន្សល់ទុកមកសំរាប់ កូនចៅជំនាន់ក្រោយ ដូចជាប្រាង្គប្រាសាទដ៏ល្អវិចិត្រ សិល្បៈ តូន្ត្រីច្រើនប្រភេទ មានភ្លេងពិណពាន្យ ភ្លេងខ្លងខែក ឆៃយ៉ាំ ភ្លេងប្រពៃណី ភ្លេងមហោរីជាដើម។ លើសពីនេះទៅទៀត ខ្មែរមានបូជនីយដ្ធានគ្រប់កន្លែងទៅតាមប្រពៃណី ទំនៀមទំលាប់ការរស់នៅរបស់ខ្លួន។ សម្បត្តិដូចបានរៀបរាប់ខាងលើនេះ ជាបេតិកភណ្ឌរបស់ខ្មែរ ព្រោះវាខិតនៅលើទឹកដីខ្មែរពេញច្បាប់។ ខ្មែរជាអ្នកថែរក្សាគ្រប់គ្រងកាន់កាប់ ការពារជាប់ជាប្រចាំ។ ពលរដ្ធខ្មែរគ្រប់រូបសុទ្ធតែបានដឹង ស្គាល់សម្បត្តិទាំងអស់នោះ។ ស្គាល់ពីរចនាបថ ប្រវត្តិសាវតារ ខ្លឹមសារនៃការស្ថាបនា ការបង្កើតឡើងនូវរបស់ទាំងអស់នោះទៀតផង។ សម្បត្តិវប្បធម៌ទាំងអស់នេះកំពុងតែបំរើផលប្រយោជន៍ខ្មែរ ធ្វើអោយខ្មែរចំរុងចំរើន។ លើសពីនេះ សម្បត្តិវប្បធម៌ខ្មែរនេះកើតឡើងពីការកសាងជាច្រើនជំនានរបស់ដូនតាខ្មែរ។ បុព្វបុរសខ្មែរបានខិតខំច្នៃប្រឌិត ប្រឹងប្រែងព្យាយាមយ៉ាងមោះមុតក្នុងការស្រាវជ្រាវ ចំណាយធនធានអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការរចនាឱ្យមានសោភ័ណភាពយ៉ាងរស់រវើក សមស្របទោតាមជំនឿ និងចំណង់ចំណូលចិត្តរបស់ខ្លួន។ ការបរិយាយខាងលើនេះ បញ្ជាក់ថាសម្បត្តិវប្បធម៌ខ្មែរ ជាបេតិកភណ្ឌខ្មែរ ក៏ជាបេតិកភណ្ឌរបស់ពិភពលោកផងដែរ។ ការដែល និយាយដូច្នេះ មកពីមូលហេតុថា ជនបរទេសគ្រប់រូបមកទទួលអារម្មណ៍រីករាយ តាមរយៈការស្តាប់ ការទស្សនាសម្បត្តិវប្បធម៌ខ្មែរដោយសេរី ទៅកាន់កន្លែងនានា ដែលខ្លួនគេចង់ទៅគ្មានការរាំងអ្វីទាំងអស់ ព្រោះថាជាសមិទ្ធិផលរបស់មនុស្សទាំងអស់គ្នា គ្រាន់តែពួកគេគ្មានសិទ្ធិយកវាទៅកាន់ប្រទេសពួកតែប៉ុណ្ណោះ។ ម៉្យាងទៀត មនុស្សទាំងអស់នៅលើសាកលលោកមានលទ្ធភាពអាចចុះមកសិក្សាស្រាវជ្រាវពីស្នាដៃរបស់បុព្វបុរសខ្មែរតាមចិត្តប្រាថ្នា ដើម្បីបង្កើតការយល់ដឹងពីសាវតាខ្មែឬ ពីប្រវត្តិដ៏អស្ចារ្យរបស់ខ្មែរ ដែលបានបង្កើតស្នាដៃអច្ឆរិយសំរាប់ជាកេរ្តិ៍ដំណែលរបស់ មនុស្សលោកយកទៅផ្សព្វផ្សាយគ្រប់ជាតិសាសន៍ទាំងអស់ដែលមានពូជពង្សជាមនុស្ស។ លើសពីនេះទៅទៀត មូលហេតុដែលហ៊ានថាសម្បត្តិវប្បធម៌ខ្មែរ ជាបេតិកភណ្ឌពិភពលោកនោះ ដោយវាជារបស់លើកតំកើនតំលៃមនុស្សជាតិទូទៅ។ ត្រង់ភាពជាមនុស្សមានប្រាជ្ញា មានទេពកោសល្យ សមត្ថភាព អាចធ្វើអ្វីៗទាំងអស់ប្រកបដោយប្រណីតភាព សំរាប់ទុកជាតំណែងប្រវត្តិសាស្ត្រមនុស្សជាតិទាំងឡាយ។ ដូចនេះមនុស្សនៅលោកពិភពលោកបានទទួលកិត្តិយសពីខ្មែរ ក្នុងនាមខ្មែរជាមនុស្សដូចរូបគេដែរ។ ម៉្យាងវិញទៀត សម្បត្តិវប្បធម៌ខ្មែរជាកម្មវត្ថុដ៏សំខាន់មួយសំរាប់ពិភពលោក អាចកំនត់ច្បាប់ពីអត្តសញ្ញាណជាតិខ្មែរថាជាជាតិមួយដែលមានពូជអំបូរ មានទឹកដី មានភាសា មានអរិយធម៌ច្បាស់លាស់។ ដោយយល់ច្បាស់ពីតួនាទីនៃសម្បត្តិវប្បធម៌ខ្មែរ ជាផ្នែកមួយនៃបេតិកភណ្ឌពិភពលោក បានជាតាំងពីដើមរៀងមកដល់បច្ចុប្បន្ន អង្គការយូនេស្កូ បានចាត់វិធានការអំពាវនាវ ដល់ប្រទេសជាច្រើនលើលោកឱ្យជួយសង្គ្រោះប្រាង្គប្រាសាទខ្មែរនៅតំបន់អង្គរទាំងអស់។ ប្រាសាទខ្មែរបានចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោក ដែលពិភពលោកត្រូវមានភារកិច្ច ថែរក្សាសម្បត្តិមនុស្សជាតិឱ្យបានល្អដើម្បីផ្តល់កិត្តិយសដល់មនុស្សទូទៅ។ ប៉ុន្តែទោះជាអន្តរជាតិមានសិទ្ធិចូលមកជួយគ្នា ក្នុងនាមជាបេសជនការពារសម្បត្តិមនុស្សជាតិ តែពួកគេពុំមានសិទ្ធិយកសម្បត្តិទាំងនោះជាកម្មសិទ្ធិរបស់ខ្លួនទេ ក៏ប្រកាសខ្លួនជាអ្នករួមចំនែក ស្ថាបនាបេតិកភណ្ឌជាតិខ្មែរនោះឡើយ។ ពោលគឺពុំអាចបំភ្លេចចោលនូវស្នាដៃរបស់បុព្វបុរសខ្មែរ ដែលជាអ្នកកសាងនោះឡើយ។

សរុបសេចក្តីមកសម្បត្តិវប្បធម៌ខ្មែរទាំងអស់ ជាបេតិកភណ្ឌរបស់ខ្មែរផង និងបេតិកភណ្ឌរបស់ពិភពលោកផង ដោយហេតុថាខ្មែរជាអ្នកកសាងនៅលើទឹកដីខ្មែរពិតតែខ្មែរជាផ្នែកមួយនៃសមាគមន៍អន្តរជាតិជាមនុស្សដូចខ្មែរដែរ គេមានភារកិច្ចចូលរួមការពារឱ្យបានល្អឋិតថេរតែប៉ុណ្ណោះ។

នៅទីបញ្ជប់មតិប្រធានខាងលើនេះ មានអត្ថន័យដ៏ជ្រាលជ្រៅក្នុងការបង្ហាញពីតំលៃ នៃសម្បត្តិវប្បធម៌ដែលបានលើកស្ទួយខ្មែរឱ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមនុស្សជាតិនៅលើលោកឱ្យមានកិត្តិយសក្នុងនាមជាមនុស្សដូចគ្នា។ ដូច្នេះក្នុងនាមជាមនុស្សត្រូវចងសម្ព័ន្ធភាព និងគ្នាឱ្យបាន រឹងមាំក្នុងការការពារបេតិកភណ្ឌឱ្យបានគង់វង្ស ដើម្បីការពារនូវគោលគំនិត សមត្ថភាពដ៏អស្ចារ្យដែលបុព្វបុរសយើងបន្សល់ទុកជាគំរូល្អសំរាប់ជនជំនាន់ក្រោយយកទៅអនុវត្តក្នុងការអភិវឌ្ឃន៍សង្គមជាតិឱ្យបានរុងរឿង។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1