ចូរពន្យល់សុភាសិតមួយដែលបានពោលថា «ដំរីសារស្លាប់ កុំយកចង្អេរបាំង» ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ចូរពន្យល់សុភាសិតមួយដែលបានពោលថា «ដំរីសារស្លាប់ កុំយកចង្អេរបាំង» ។
សេចក្ដីអធិប្បាយ
នៅក្នុងពិភពលោកនេះគ្មានអ្វីដែលជាអាថ៌កំបាំងសម្រាប់មនុស្សឡើយ ដោយគេដឹងថាមនុស្សជាសត្វដែលមានខួរក្បាលរីកចម្រើន និងមានវិចារណញ្ញាណ ហើយថ្លឹងថ្លែងរកហេតុផល ឬឫសគល់នៃបញ្ហានានា យ៉ាងណាមិញ រឿងរ៉ាវដែលបានកើតឡើងហើយ មិនចាំបាច់បិទបាំងឡើយ មុននឹងក្រោយប្រាកដជាត្រូវគេដឹង គេថាក្រដាសមិនអាចខ្ចប់ជើងជិតឡើយ នៅពេលបញ្ហានោះកាន់តែរីកធំឡើងៗ នោះនឹងកាន់តែមានគ្រោះថ្នាក់ដល់ខ្លួន និងធ្វើឲ្យបាត់បង់នូវកេរ្តិ៍ឈ្មោះកិត្តិយសជាក់ជាមិនខាន។ សមដូចសុភាសិតមួយលើកឡើងថា «ដំរីសារស្លាប់ យកចង្អេរបាំង»។
តើសុភាសិតនេះមានន័យបង្កប់និងអប់រំដូចម្ដេចខ្លះចំពោះមនុស្សទូទៅ ?
ជាបឋមមុននឹងចូលដល់ការបកស្រាយសុភាសិតនេះ គួរគប្បីយល់នូវពាក្យគន្លឹះមួយចំនួនសិន ដូចជា «ដំរីសារ» និង «ចង្អេរ»។ «ដំរីសារ» គឺជាដំរីដែលមានមាឌធំ រីឯ «ចង្អេរ» ជាសម្ភារៈខ្មែរម៉្យាងដែលមានតែសណ្ឋានសំប៉ែត រាងមូល គេប្រើសម្រាប់អុំអង្ករ ឬហាលសាច់ជាដើម។ តាមន័យត្រង់ ដំរីសារមានមាឌធំ នៅពេលវាស្លាប់ នឹងមានក្លិនអសោចជះពេញសព្វទិស ហើយយកចង្អេរដ៏តូចមកបិទបាំង មិនងាយនឹងលាក់ភ្នែកអ្នកផងទាំងពួងបានឡើយ តាមន័យធៀបវិញ រឿងរ៉ាវអាក្រក់ៗដែលខ្លួនបានសាងឡើង មិនអាចគេផុតពីភ្នែកអ្នកជិតខាងបានឡើយ ទោះបីខ្លួនខំរកលេសនានាដើម្បីការពារខ្លួនក៏ដោយ ក៏ទីបញ្ចប់ទង្វើស្មោកគ្រោកនោះវានឹងបង្ហាញខ្លួនឡើង ហើយតែងតែទទួលរងនូវការរិះគន់ និងការថ្កោលទោសជាក់ជាមិនខាន។ បុគ្គលខ្លះបានប្រព្រឹត្តនូវអំពើអបាយមុខ លួចឆក់ ប្លន់ កាប់សម្លាប់ស៊ីសាច់ហុតឈាម ឥតត្រាប្រណី ហើយខិតខំគេចវេះពីសំណាញ់ច្បាប់ ទីបំផុតឈាមស្រែកស្បែកហៅ ក៏ត្រូវគេចាប់បាន។ ជាក់ស្ដែង ស្ត្រីម្នាក់នៅពេលប្ដីចេញទៅរកស៊ីនៅស្រុកក្រៅ ខ្លួនក៏លួចមានសហាយស្មន់នឹងប្រុសឈ្មោល ភ្លេចតួនាទីខ្លួនស្ត្រីគំរូក្នុងសង្គម ធ្វើឲ្យញាតិផងទាំងឡាយមាក់ងាយថា ជាស្រីផិតក្បត់ នាងខំលាក់ស្វាមីនូវរឿងរ៉ាវរបស់ខ្លួន ដោយធ្វើពុតជាបម្រើប្ដីដិតដល់ រៀបបាយរៀបចំ មានចរិតម្ញ៉ិកម្ញ៉ក់ ដែលធ្វើមិនឲ្យប្ដីចាប់ថ្នាក់បាន តែមិនយូរមិនឆាប់ អ្នកនៅក្បែរចេះតែនិយាយតៗគ្នានូវរឿងអាស្រូវរបស់នាង ហើយទីបំផុតប្ដីក៏តាមទាន់ ហើយដឹងចរិតប្រពន្ធខ្លួនពិតជាផិតក្បត់មែន។ មួយវិញទៀត អ្នកខ្លះ បានសម្លាប់មនុស្ស ហើយខំគេចវេះនិងរត់យករួចខ្លួនដោយប្រើវិធីសូកប៉ាន់ ឬប្រកែកនឹងប៉ូលិស ដល់គេរកភស្តុតាងបាន ក៏ធ្វើមាត់ស្ញេញ ហើយក៏ត្រូវគេចាប់យកមកផ្ដន្ទាទោសតាមច្បាប់។ លើសពីនេះទៅទៀត មន្ត្រីខ្លះតែងតែស៊ីសំណូកពុករលួយ កិបកេងសម្បត្តិជាតិ ហើយតែងតែយកលេសនេះលេសនោះ ចោទលើមន្ត្រីស្អាតស្អំ និងខំធ្វើបុណ្យបន្តិចបន្តួច ដើម្បីកុំឲ្យគេមើលឃើញនូវទង្វើដ៏ថោកទាបរបស់ខ្លួន ប៉ុន្តែកុំភ្លេចថា មនុស្សគេមានការពិចារណា និងចេះគិត មិនមែនងាយបោកប្រាស់បានឡើយ ទោះបីមន្ត្រីខំលាក់បាំងទង្វើបែបណាក្ដី ក៏មិនអាចលាក់ផុតពីភ្នែកប្រជាពលរដ្ឋបានឡើយ ហើយរមែងតែងតែទទួលពាក្យដៀលត្មះគ្រប់ជំនាន់ ហើយជួនកាលអាចត្រូវគេចាប់យកមកផ្ដន្ទាទោសច្បាប់ទៀតផង។ ហេតុនេះ ទង្វើដែលខ្លួនបានធ្វើតែងតែស្ថិតនៅក្រោមក្រសែភ្នែករបស់មហាជនជានិច្ច ទោះបីខំលាក់បាំងយ៉ាងណាក៏អត់អំពើដែរ នៅពេលបញ្ហានោះរីកសុះសាយទៅ នឹងធ្វើឲ្យកិត្តិយសខ្លួនត្រូវធ្លាក់ចុះ និងរងនូវការស្អប់ខ្ពើមអស់មួយជីវិត។
តាមរយៈការសង្កេតមើលនៅក្នុងអក្សរសិល្ប៍រឿងទុំទាវ របស់ព្រះភិក្ខុសោម តួអង្គអរជួន បានឃុបឃិតជាមួយយាយម្ដាយទាវ ដើម្បីរិះរកគ្រប់វិធីក្នុងពង្រាត់បង្រាសទុំនិងទាវឲ្យឃ្លាតពីគ្នា ទោះបីជាដឹងថាពួកគេទាំងពីរត្រូវបានព្រះមហាក្សត្ររៀបការឲ្យក៏ដោយ។ គ្រានោះ យាយម្ដាយទាវបានក្លែងលិខិតផ្ញើទៅនាងទាវ ដោយយកលេសថាខ្លួនឈឺធ្ងន់ និងផ្ដាំឲ្យនាងវិលត្រឡប់មកខេត្តត្បូងឃ្មុំវិញ ដើម្បីមើលជំងឺម្ដាយ ចំណែកទុំដឹងដូច្នោះក៏យល់ព្រមឲ្យប្រពន្ធខ្លួនធ្វើដំណើរទៅស្រុកវិញ ដោយឥតមានការសង្ស័យអ្វីបន្តិចឡើយ។ លុះនាងទាវទៅដល់ផ្ទះ ម្ដាយនាងបានបង្ខំនាងឲ្យរៀបការជាមួយម៉ឺនងួន ដែលជាកូនសំណព្វចិត្តរបស់អរជួន។ ដោយទាវមិនអាចទ្រាំបាននឹងទង្វើនេះ នាងក៏បានលួចផ្ញើសំបុត្រទៅប្ដីនូវបញ្ហាទាំងនេះ ទុំដឹងហើយក៏សុំព្រះរាជសារដើម្បីទៅយកប្រពន្ធខ្លួនមកវិញ។ ពេលទុំទៅដល់ផ្ទះនាងទាវ ទុំក៏បានឮសំឡេងភ្លេងការ ក្នុងទ្រូងក៏ក្ដៅពើតផ្សារ ហើយក៏ឡើងទៅផ្ទះដើម្បីយកនាងទាវវិញ ប៉ុន្តែអរជួនមានបក្សពួកច្រើន ក៏ត្រូវពួកគេធ្វើបាប និងយកទៅសម្លាប់ចោលនៅក្រោមដើមពោធិ៍ជើងខាល រីឯនាងទាវក៏បានធ្វើអត្តឃាតតាមប្ដីខ្លួនដែរ។ មិនយូរទេ រឿងរ៉ាវឃាតកម្មដ៏សាហាវយង់ឃ្នងនេះក៏បានលេចឮដល់ព្រះកាណ៌របស់ព្រះបាទរាមាជើងព្រៃ។ ទ្រង់ព្រះពិរោធខ្លាំងណាស់ ក៏យាងទៅខេត្តត្បូងឃ្មុំដោយព្រះអង្គផ្ទាល់ ហើយកាត់ទោសបក្សពួកឲ្យដោយភ្ជួរនឹងរនាស់ និងអ្នកផ្សេងទៀតដាក់ជាអ្នកងារទាំងអស់។ បន្ថែមពីនេះ នៅក្នុងរឿងថៅកែចិត្តចោរ ថៅកែដល់ ពូ ហំ យល់ថាជាអាណាព្យាបាលនិងជាម្លប់សម្រាប់កូនចៅនោះ បែរប្រែក្លាយជាមនុស្សចិត្តខ្មៅនិងសាហាវឃោរឃៅទៅវិញ តាមរយៈរឿងនេះ ពូ ហំ បានចាញ់បោកថៅកែ ទីបំផុតទង្វើថោកទាបនេះបានធ្វើឲ្យ ពូ ហំ ភ្ញាក់រឭក ហើយក៏បកអាក្រាតមុខមាត់ពិតរបស់ថៅកែ ចំណែកផានិតវិញមិនបានកាន់ជើងថៅកែខ្លួនទេ ប៉ុន្តែគេបានគាំទ្រខាងពូហំវិញ ព្រោះពូហំជាមនុស្សស្អាតស្អំនិងស្រឡាញ់នូវភាពស្មោះត្រង់។ ត្រង់នេះ ពូហំនិងផានិតបានបកស្បែកមុខនិងចរិតពិតរបស់ថៅកែខ្លួន ឲ្យអ្នកអានអ្នកសិក្សាបានដឹងឮ ទោះបីធ្វើបុណ្យមួយរយសំពៅ ក៏មិនអាចលុបលាងទោសកំហុសរបស់ខ្លួនមិនបានឡើយ។ នៅក្នុងអក្សរសិល្ប៍ខាងលើនេះសុទ្ធសឹងតែបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវពុតត្បុតរបស់អ្នកមានអំណាចអាងនេះអាងនោះ ជិះជាន់អ្នកក្រីក្រ ហើយទាញយកផលចំណេញសម្រាប់ខ្លួនឬក្រុមខ្លួន ខ្លះទៀតល្អតែនឹងមុខ ប៉ុន្តែចិត្តវិញគឺអាក្រក់ថ្លើមខ្មៅតួយ៉ាងដូចជាថៅកែចិត្តជាដើម។
សរុបមកឃើញថា ទង្វើអាក្រក់ដែលបានសាង មិនអាចចៀសផុតពីក្រសែចក្ខុរបស់មហាជនបាន ទោះបីជារកវិធីបិទបាំងយ៉ាងណាក៏ដោយ ក៏គេនៅតែដឹង ប្រៀបដូចដំរីដែលស្លាប់ យូរទៅក៏ជះក្លិនស្អុយចេញមក ហើយចង្អេរឯណាដែលអាចបាំងក្លិនអសោចនិងរូបរាងដំរីដ៏មហិមានោះបាន គឺបិទមិនជិតទេ ជាក់ស្ដែងដូចជាមន្ត្រីពុករលួយ ឃាតករ ឬតួអង្គអរជួន ឬថៅកែចិត្តចោរជាដើម។
យោងតាមបកស្រាយខាង សបញ្ជាក់ឲ្យឃើញថា សុភាសិតនេះបានបង្កប់ខ្លឹមសារយ៉ាងល្អ ដែលបណ្ដុះឲ្យមនុស្សចេះទទួលខុសត្រូវ ធ្វើខុស ត្រូវចេះសារភាព មិនគួរប្រើវិធីនានា ដើម្បីលាក់បាំងភាពខុសឆ្គងឡើយ មុននឹងក្រោយគង់តែគេដឹងដដែល យល់ល្អគួរតែសារភាពចុះ ដើម្បីកុំឲ្យអ្នកផងរិះគន់ និងចោទថាគ្មានទំនួលខុសត្រូវ។ ក្នុងនាមជាយុវជនជំនាន់ក្រោយ គួរគប្បីចៀសឲ្យឆ្ងាយពីអំពើអបាយមុខទាំងឡាយ ហើយងាកមកចាប់ប៊ិចសៀវភៅ និងខិតខំរៀនសូត្រដើម្បីខ្លួន គ្រួសារ និងជាតិរបស់ខ្លួន។