ការអធ្យាស្រ័យ គឺការគោរពគ្នា ការយោគយល់ ការអត់ឳនគ្នា តាមរយៈការយល់ចិត្តគ្នាទៅវិញទៅមកទាំងកាយ វាចា ទាំងចិត្ត ។ មនុស្ស មានគំនិតអធ្យាស្រ័យ គឺជាមនុស្សមិនមានះថា មានតែគំនិតរបស់ខ្លួនទេដែលត្រូវ តែគំនិតអ្នកដទៃក៏អាចត្រូវដែរ ជាគំនិតដែលខ្លួនទទួលយកមតិអ្នកដទៃមកពិចារណា ។
ការសន្ដោស គឺជាសេចក្តីត្រេកអរពេញចិត្តចំពោះវត្ថុដែលជារបស់ខ្លួនមាន របស់ដែលខ្លួនរកបាន របស់ទ្រព្យរកបានដោយវិធីត្រឹមត្រូវតាមសមត្ថភាព គឺរកបានប៉ុន្មាន ក៏ល្មមចិត្តត្រឹមប៉ុណ្ណោះ មិនសង្វាតលោភលន់ និងមិនវាទីហួសហេតុ ហួសបំណងរបស់ខ្លួនឡើយ។ ការសន្ដោស គឺការត្រេកអរពេញចិត្តនឹងរបស់ដែលខ្លួនគួរបាន គឺបានដោយអាជីវកម្មសុចរិត ត្រឹមត្រូវ តែមិនគួរត្រេកអរចំពោះរបស់ដែលបានមកមិនប្រកបដោយធម៌ ឬដោយអំពើទុច្ចរិតនោះឡើយ ។ ការអធ្យាស្រ័យ ការសន្ដោស គឺជាការបន្ទន់ចិត្ត និងការមិនប្រកាន់ទោសចំពោះខ្លួនឯងផង និងចំពោះអ្នកដទៃផង ។