មេរៀនទី៩៖ការប្រតិបត្តិសាសនាក្នុងសង្គមបច្ចុប្បន្ន (មេរៀនសង្ខេប សំណួរ ចម្លើយ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី២ : វប្បធម៌សន្តិភាព
មេរៀនទី៩៖ការប្រតិបត្តិសាសនាក្នុងសង្គមបច្ចុប្បន្ន
មេរៀនសង្ខេប
គ្មានជនណាម្នាក់មិនទទួលស្គាល់វត្តមានសាសនាឡើយ ទោះដោយផ្ទាល់ ឬមិនផ្ទាល់ក្ដី ព្រោះវាជះឥទ្ធិពលធំធេងលើជីវភាពរស់នៅរបស់មនុស្សជាតិនិងសង្គម ។ បទពិសោធន៍សាសនារបស់មនុស្សខុសៗគ្នា ដូចនេះការយល់ដឹងរបស់ពួកគេអំពីសាសនាក៏ខុសគ្នាដែរ ប៉ុន្តែអ្វីដែលជាមូលដ្ឋានគឺសាសនាគឺសាសនា បានកំណត់គុណធម៌ និងគោលការណ៍ទាំងឡាយដែលត្រូវបានរៀបចំឡើងដើម្បីនាំផ្លូវមនុស្សទៅរកអំពើកុសល ។ តើសាសនាមានឥទ្ធិពលទៅលើជីវភាពរស់នៅរបស់មនុស្សនាពេលបច្ចុប្បន្នដូចម្ដេចខ្លះ ?
១- សាសនានិងមនោគមវិជ្ជា
មនោគមវិជ្ជា គឺជាសំណុំនៃគំនិត ជាសំណុំនៃជំនឿ ជាយោបល់ដែលស្ថិតនៅក្នុងលក្ខណៈជាទ្រឹស្ដីនយោបាយ ដែលបានស្ដែងឡើងជាលក្ខណៈទាក់ទាញឲ្យមានចំណាប់អារម្មណ៍ហើយជំរុញឲ្យធ្វើសកម្មភាពដើម្បីបំពេញតាមសេចក្ដីត្រុវការដែលជាគោលបំណងរបស់ក្រុមមនុស្ស សហគមន៍ វណ្ណៈ ឬគណបក្សនយោបាយ ។ ដោយសារតែមនោគមវិជ្ជានេះហើយ ទើបសង្គមមានបំលាស់ប្ដូរជាបន្តបន្ទាប់ ។ គេត្រូវយល់ថាប្រសិនបើ មនោគមវិជ្ជាសង្គមផ្ទុយនឹងលទ្ធិសាសនានៃសង្គមមួយ នោះវានឹងនាំឲ្យមានការមិនចុះសម្រុងគ្នារវាងអ្នកដឹកនាំសង្គមនិងប្រជាពលរដ្ឋ ហើយអាចឈានទៅរកការរលំរលាយនៃសង្គមនោះបាន ព្រោះសាសនាគឺជាផ្នែកមួយនៃវប្បធម៌របស់មនុស្សដែលរស់នៅលើលោកយើងនេះតាំងពីច្រើនសតវត្សមកហើយ ។
មុខងារដ៏ចម្បងរបស់មនោគមវិជ្ជាដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃរដ្ឋមួយគឺវាបានស្ដែងចេញជាការតម្រង់ទិសដៅនៃវប្បធម៌របស់សង្គម ។ ដូចនេះ អ្នកដឹកនាំរដ្ឋ មានកាតព្វកិច្ចហាមឃាត់ និងត្រួតពិនិត្យចំពោះការហូរចូលនៃមនោគមវិជ្ជាខាងក្រៅ។
២- វិទ្យាសាស្ត្រគ្មានសាសនា
វិទ្យាសាស្ត្រជាអាវុធមុខពីរ ។ ប្រសិនបើ សាសនាមិនមានវិទ្យាសាស្ត្រចូលរួមទេ គឺវានឹងធ្វើឲ្យមានភាពងងឹត ប៉ុន្តែបើវិទ្យាសាស្ត្រ មិនមានសាសនា នោះវានឹងក្លាយទៅជាវិទ្យាសាស្ត្របំផ្លាញមនុស្សជាតិ ព្រោះសាសនាបានអប់រំនិងកែប្រែសន្ដានចិត្តមនុស្សឲ្យមានចិត្តមេត្តា ករុណា និងដឹកនាំមនុស្សឲ្យរស់នៅក្នុងសុខសន្តិភាពនិងសុភមង្គលផ្លូវចិត្ត ។ សាសនាជាស្ពានចម្លងគំនិតសាសនាតៅគំនិតវិទ្យាសាស្ត្រព្រោះសាសនាបានក្រើនរំលឹកមនុស្សឲ្យចេះស្រាវជ្រាវរកនូវសក្ដានុភាពដែលកប់ក្នុងខ្លួនមនុស្ស និងក្នុងបរិស្ថានរបស់មនុស្ស ។ ហេតុនេះ សាសនានិងវិទ្យាសាស្ត្រត្រូវតែមានតម្លៃនិងមានទំនាក់ទំនងគ្នា ព្រោះសាសនាជាអ្នកអប់រំផ្នែកស្មារតីនិងគំនិតអរូបី ហើយវិទ្យាសាស្ត្រជាអ្នកផលិតសម្ភារៈសម្រាប់តម្រូវការរបស់មនុស្ស ។
៣- ការអប់រំរបស់សាសនា
អ្នកកាន់សាសនាទាំងឡាយ គួរតែមានគំនិតរួបរួមនិងមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីលើកកម្ពស់ការអប់រំផ្នែកសាសនាឲ្យមានលក្ខណៈត្រឹមត្រូវដោយមិនសំដៅទៅលើសាសនាណាមួយទេ គឺ
សាសនាទាំងអស់សុទ្ធតែមានសារៈសំខាន់ដូចៗគ្នា ហើយគួរតែធ្វើការអប់រំតាមរយៈការទេសនា ឬការផ្សព្វផ្សាយសាសនារបស់ខ្លួន។ បើគ្មានសាសនាចូលរួមអប់រំមនុស្សទេ នោះនឹងធ្វើឲ្យមនុស្សឈានទៅរកភាពភ្លើតភ្លើននិងអាចក្លាយទៅជាមនុស្សដែលគ្មានសីលធម៌ ធ្វើអ្វីៗដើម្បីបំផ្លាញអំណាចមហិច្ឆតាលោភលន់មិនចេះឈប់ឈររបស់ខ្លួន ។
៤- ការអធ្យាស្រ័យនិងការគោរព
មនុស្សម្នាក់ៗគួរតែចេះព្យាយាមប្រមើលមើល ឬចេះស្វែងយល់បណ្ដាការប្រតិបត្តិសាសនាដែលពួកគេបានអនុវត្តខុសប្លែកៗពីគ្នា ព្រោះវាជាហេតុជួយឲ្យពួកគេចេះបង្កើនការយល់ដឹងកាន់តែច្រើន ហើយវាក៏បានបណ្ដុះទឹកចិត្តចេះយោគយល់អធ្យាស្រ័យក្នុងបណ្ដាអ្នកប្រតិបត្តិសាសនាតាមនិកាយនៃសាសនាចម្រុះគ្នានេះដែរ ។ ប្រសិនបើ យើងចង់ស្វែងយល់ពីសាសនាដទៃ លុះត្រាតែយើងចេះគោរពសាសនារបស់គេជាមុនសិន នោះទើបអ្នកដទៃគេឲ្យតម្លៃដល់ការគោរពរបស់យើងចំពោះគេ ហើយគេនឹងផ្ដល់រាល់ព័ត៌មានដែលយើងចង់បានផងដែរ ។
ការមានគំនិតចេះយោគយល់អធ្យាស្រ័យគ្នានិងគោរពគ្នាទៅវិញទៅមក ជាមាគ៌ាមួយក្នុងការដឹកនាំមនុស្សឲ្យឆ្ពោះទៅរកសុខសន្តិភាព និងរស់នៅមានភាពសុខដុមរមនាជាមួយគ្នាដែលជាហេតុធ្វើឲ្យមនុស្សទាំងអស់ឈានទៅរកភាពស្ងប់ផ្លូវចិត្ត ព្រមទាំងស្ងប់ផ្លូវកាយទៀតផង ។
សំណួរ
- តើសាសនានិងមនោគមវិជ្ជា មានទំនាក់ទំនងគ្នាដូចម្ដេចខ្លះ ?
- តើការអប់រំរបស់សាសនា បាននាំមនុស្សទាំងអស់ឲ្យឈានទៅរកសន្តិភាពដែរឬទេ ?
- តើការចេះអធ្យាស្រ័យនិងការគោរពគ្នានៅក្នុងសង្គមពហុសាសនា នាំមកអត្ថប្រយោជន៍អ្វីខ្លះដល់មនុស្ស សង្គមជាតិ និងពិភពលោក ?
- ចូរអ្នកសរសេរអត្ថបទមួយលើប្រធានបទ «វិទ្យាសាស្ត្រគ្មានសាសនានាំឲ្យវិនាស » ?
- ចូរសិក្សាស្រាវជ្រាវពីការអប់រំសីលធម៌និងការប្រតិបត្តិសាសនានានា ដែលមាននៅក្នុងសហគមន៍របស់អ្នក ?