Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

អ្នកខ្លះថា “ស្រ្តីសូម្បីតែបង្វិលកន្ទុយចង្ក្រានក៏មិនបានជុំផង” ​ឯអ្នកខ្លះទៀតថា “ស្ត្រីគឺជានារីរតនៈ”។ តើអ្នកយល់យ៉ាងណាចំពោះការយល់ឃើញទាំង២ខាងលើនេះ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

សេចក្តីអធិប្បាយ

នៅបុរាណសម័យ បុព្វបុរសខ្មែរនិយមប្រកាន់យករបបគ្រប់គ្រងសង្គម តាមបែបមាតាបិតាធិបតេយ្យ ឬមត្តេយ្យ ឬមត្តេយ្យការ ដោយនិយមលើកតំកើនតំកល់នៃតំលៃស្ត្រីជាធំ។ ប៉ុន្តែលុះ ចំណេរកាលក្រោយមកគេត្រលប់បែរប្រែជាប្រទះ ឃើញមានការមើលស្រាលដោយបន្តុលបង្អប់បន្ទាបបន្ថោក តំលៃរបស់ស្ត្រីទៅវិញ។ វិភាគទាក់ទងទៅនឹងគុណតំលៃនៃស្ត្រីភេទខាងលើធ្វើអោយមានទស្សនៈ ២ យល់ឃើញបដីបក្ស និងគ្មាន ដោយអ្នកខ្លះយល់ថា “ស្រ្តីសូម្បីតែបង្វិលកន្ទុយចង្ក្រានក៏មិនបានជុំផង” ​ឯអ្នកខ្លះទៀតថា “ស្ត្រីគឺជានារីរតនៈ”។

តើមតិទាំងពីខាងលើនេះ មតិណាសមហេតុសមផលជាង?

ពាក្យបង្វិលកន្ទុយចង្រ្កានសំដៅលើការងារដែលស្ត្រីត្រូវធ្វើនៅជុំវិញ ចង្ក្រានផ្ទះបាយដែលជាការងារប្រចាំថ្ងៃរបស់ស្ត្រីជាមេផ្ទះ។ ចំពោះពាក្យថា នារីរតនៈ នោះគឺស្ត្រីដ៏មានតម្លៃប្រសើរដូចត្បូង ឬកែវ។ មតិដែលកំណត់ដោយប្រធានបទខាងលើ មានអត្ថន័យពីរផ្ទុយគ្នាដែល អត្ថន័យទី១ មានលក្ខណៈជាការរិះគន់ថាមនុស្ស ស្រីសូម្បីតែធ្វើការស្រាលៗនៅតាមចង្ក្រានផ្ទះបាយក៏ធ្វើមិនបានគ្រប់ជ្រុងជ្រោយផង។ តែអត្ថន័យទី២ មានលក្ខណៈជាការលើកសរសើរថាស្ត្រី មានតំលៃពិសេសដូចកែវ ឬត្បូងចរណៃ។ វិភាគអំពីលទ្ធភាពការងាររបស់ស្ត្រីមេផ្ទះបានធ្វើអោយមជ្ឃដ្ធានអ្នកវិភាគមួយចំនួនធ្វើការកំនត់សំគាល់ក្នុងន័យបរិហា រិះគន់ ថាស្ត្រីដែលជាអ្នកបំពេញការងារគេហកិច្ច ដែលការងារស្រាលៗ ក៏ស្រ្តីមិនបានបំពេញគ្រប់ជ្រុងជ្រោយផងទេ។ ក្នុងភាពជាមានកំលាំងខ្សោយស្ត្រីធ្វើតែការងារស្រាលៗ ដូចជាការងារដេប៉ាក់ចាក់ជរ ដាំស្ល បបរបោសលៀងចាន រៀនចំតុបតែង លំអផ្ទះ សំបែង មើលថែកូនចៅដោយការងូតទឹក មើលទុកដាក់ទ្រព្យសម្បត្តិ ដែលបុរសជាប្តីរកបានពីខាងក្រៅមក។ ខណៈដែលជួបនិងការងារធ្ងន់ធ្ងរ ត្រូវការលើកដាក់លីសែងច្បាស់ជាត្រូវការពឹងពាក់កំលាំងបុរសៗ អោយជួយជាក់ជាពុំខានឡើយ។ បើនិយាយពិការយល់ដឹងវិញស្ត្រីខ្មែរនៅសម័យបុរាណ ពិសេស គឺនៅក្នុងសម៧យអនានិគមមិនបាន រៀនសូត្រអក្សរសាស្ត្រ ឬចតុព្វិលលេខដូចកូនប្រុសទេ ព្រោះដោយសារតែគ្មានសាលារៀន។ សម័យនោះសាលារៀនមាននៅតែក្នុងវត្តអារាម មានព្រះសង្ឃជាគ្រូអាចារ្យជាអ្នកបង្ហាត់បង្ហាញដល់កូនចៅរបស់អ្នកស្រុក។ មាតាបិតាខ្មែរមានកូនស្រីមិនហ៊ាន បញ្ជូនកូនស្ត្រីទៅតរៀននៅសាលាវត្តទេ។ ដោយហេតុនេះបានជានៅសម័យ អាណានិគមបារាំងគេកំរនឹងបានឃើញស្ត្រីមានឋានៈខ្ពស់យសធំមានការងារជាមន្ត្រីមាត្រា។

ដូចនេះ ជាសរុបសេចក្តីមកឃើញថាស្ត្រីមានលទ្ធភាពខ្សោយមានកំលាំងខ្សោយដែលសូម្បីតែបំពេញការងារគេហកិច្ច នៅជុំវិញតែចង្ក្រានផ្ទះបាយ ក៏ស្រ្តីធ្វើមិនបានសបជ្រុងជ្រោយផងទេ។ តើតាមពិតទៅស្ត្រីបង្វិលចង្ក្រានមិនជុំមែនរឺ? បើទោះជាមជ្ឃដ្ធានទី១ ខាងលើបានធ្វើការបរិហាររិះគន់យ៉ាងទំងន់ពាក់ព័ន្ធដល់លទ្ធភាពរបស់ស្ត្រីយ៉ាងណាក៏គេ នៅប្រទះឃើញមានមជ្ឃដ្ធាន មួយទៀតបានយល់ក្នុងន័យស្រឡះថា តាមពិតស្ត្រីជារតនៈ ត្រូវវបានគេប្រដូចទៅនឹងត្បូង ឬកែវដ៏ពិសិទ្ធ។ ទស្សនៈក្រោយនេះ បានសំអាងដោយផ្អែកតាមគំហើញប្រវត្តិសាស្ត្រ តាំងពីសម័យក៏កើតទឹកដីរហូតដល់សម័យនេះ។ នៅសម័យ នគរភ្នំ ឬសម័យហ្វូណនគេឃើញមានស្ត្រីជាមគ្គទេសក៏នោះ គឺនាងលីវយី ឬនារីសោម៉ា និងនាងនាគ។ វត្តមាននៃការគ្រប់គ្រងរបស់នាងលីវយីធ្វើឡើងមុនពេលព្រាហ្មណ៍ជាឥណ្ឌាឈ្មោះ កោណ្ឌញ្ញៈ ឬកោណ្ឌីន្យ មកដល់នគរភ្នំម្ល៉េះ។ នៅសម័យមហានគរប្រវត្តិសាស្ត្រ នៅបានបន្តប្រាប់ដោយដឹងថាមានស្ត្រីជាអ្នកប្រាជ្ញរាជបណ្ឌិត គឺព្រះនាង ឥន្ទ្រទេរី ដែលជាត្រូវមហេសីទី២របស់ព្រះបាទជ័យវរ្មន័ទី៧ នៅជំនាន់នោះ។ មហានគរបានសំបូរសប្បាយ រុងរឿង ប្រជារាស្ត្ររស់នៅដោយបានសេចក្តីក្សេមក្សាន្ត ក៏ដោយសារបានមហេសីអ្នកប្រាជ្ញជួយជាទីប្រឹក្សាជួយសំរេចកិច្ចការរបស់ប្រទេស របស់នគរ។ មកដល់សម័យក្រោយអង្គ គេប្រទះឃើញវីរៈភាពរបស់ស្ត្រីខ្មែរ នៅសម័យដែលស្ត្រីខ្មែរ កាត់សក់ ផ្កាថ្កូវ គេឃើញថាស្ត្រីខ្មែរសម័យនោះនិយមទុកសក់វែង ព្រោះគេចូលចិត្តបួងសក់។ ប៉ុន្តែ ខណៈដែលឃើញកងទ័ព ជាតិត្រូវឡោមព័ទអស់ជាច្រើនថ្ងៃទើបស្ត្រីជាម្តាយ ជាភរិយា ជាបងស្រី និងជាប្អូនស្រីនៅសមភូមិក្រោយ ត្រូវបង្ខំចិត្តកាត់សក់ខ្លី ដែលគេហៅ សក់ផ្កាថ្កូវរួចក្លែងឯកសណ្ធាន ជាបុរសចូលទៅវាយរំដោះដណ្តើមជាជាតិ រហូតដល់សង្គ្រោះរំដោះបាន។ នៅសម័យ តស៊ូទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ប្រវត្តិសាស្ត្របានបង្ហាញអោយឃើញថាចលនា កងនារី ក្លាហាន បានសហការជាមួយនឹងកងជីវពលក្នុងការដេញកំចាយវាយកំចាត់កាច់បំបាក់ឆាកបំបែក នឹងអាណានិគមរហូត ទាមទារដណ្តើមឯករាជ្យពេញលេញជូនជាតិមាតុភូមិកម្ពុជានាថ្ងៃ ៩ វិច្ឆិកា ឆ្នាំ​១៩៥៣។ ជាមួយនិងរឿងរ៉ាវដែល កត់ត្រាចារឹកដោយប្រវត្តិសាស្ត្រខាងលើ បើគេមើលក្នុងចលនាអក្សសិល្ប៍ខ្មែរវិញ ក៏ឃើញមាន រឿងរ៉ាវមួយចំនួន ដែលកវី អ្នកនិពន្ធខ្មែរ បានសរសេរលើកសរសើរឧត្តមភាពរបស់ស្ត្រីក្នុងនោះមានរឿង ព្រេងប្រជាប្រិយខ្មែរ២ នៅខេត្តកំពង់ចាមនោះ គឺរឿងភ្នំប្រុសភ្នំស្រី ដែលបានបង្ហាញថា ស្ត្រីខ្មែរជំនាន់នោះមានសមត្ថភាពអាចធ្វើបដិវត្តន៍ ប្រពៃណីពីទំនៀមទំលាប់ឱ្យស្រីៗចូលដណ្តឹងប្រុសមកជាទំលាប់ អោយប្រុសៗចូលដណ្តឹងស្រី និងរៀបការនៅផ្ទះខាងស្រីរហូតដល់សព្វថ្ងៃនេះ។ ប៉ុន្តែបើគេសិក្សា ទៅក្នុងរឿងបុរាណខ្មែរមួយគឺរឿង មាយើង នោះគេនឹងឃើញអំពីតួនាទីរបស់ស្រ្តីដែលមិនត្រឹមតែជាមេផ្ទះ ប៉ុណ្ណោះទេ តែជាអ្នកបានផ្តល់ការណែនាំបុរសជាប្តីអោយដើរផ្តួចផ្តើម យោបល់អោយប្តី ហាត់រត់រហូតពូកែអាចតាមល្បឿនជើងសេះរបស់ស្តេតព្រហ្មទត្ត។ ដោយសារ ការហាត់រត់ ដែលជាគំនិតផ្តើមរបស់ភរិយាទើបមាណពទទួលបានឈ្មោះជាមាយើង ហើយក្រោយមកកឺជាមនុស្សជាសេនា ដ៏ជំនិតក្លាយទៅជារាជអង្គរក្សរបស់ព្រះបាទព្រហ្មទត្តនៅនគររាណសី។ នៅសម័យអាណានិគមបារាំងជាមួយ និងរឿង ភូមិតិរច្ឆាន លោក ឌឹកគាម ឈ្មោះនាងនី នាងបី និងនាងតន់ ដែលស្ត្រីទាំងនេះបានបង្កបរិយាកាសជ្រួលច្របល់ផ្តល់ឱកាសអោយក្រុមអ្នកក្លាយាន នៅក្រាំងលាវសំរេចបានគំរោងការតស៊ូរបស់ខ្លួនដោយបានកំចាត់បារាំង ដែលក្នុងព្រឹត្តិការណ៍១៨ មេសា ១៩២៥។ ចំណែកលោក ទីជីហួតជាមួយនឹងអត្ថបទក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ បានបង្ហាញអោយឃើញពីសមត្ថភាពនិងសេចក្តីក្លាហាន របស់ជំទាវស្រែនដែលជួយយិនយោងកិត្តិយសរបស់តេជោ មាសជាប្តីក្នុងបង្ក្រាបស្តេចសំរែ និងបក្សពួកដែលតេជោមាសមិនបាន។

ដូចនេះជាសរុបឃើញថាស្ត្រីពិតជាមិនអស់រហូតដល់ទៅបង្វិលមិនជុំកន្ទុយចង្ក្រាននោះឡើយ។ ចំពោះ ទស្សនៈរបស់ប្រធានដែលថា ស្ត្រីសូម្បីតែបង្វិលកន្ទុយ ចង្ក្រានក៏មិនជុំផង គឺជាទស្សនៈមើលស្រាលដោយចេតនាប៉ះពាល់ដល់កេរ្តិ៍ កិត្តិយលរបស់ស្រ្តីជាទូទៅដែលគេមិនអាចទទួលយកបានឡើយ។ តាមពិតស្ត្រីជាស្រទាប់ខ្លាំងដែលទោះនៅសម័យកាលណាក៏ដោយក៏មិនអាចត្រូវគេបដិសេធកំលាំងស្ត្រីចេញពីវឌ្ឃនភាពសង្គមបានឡើយ។

យោងតាមខ្លឹមសារ ដូចដែលបានពិភាក្សារួចមកនេះអាចអោយយើងនៅតែចាត់ទុកថាការអះអាងតាមបែបមតីទី១ គឺជាការយល់ឃើញតាមលក្ខណៈខុសឆ្គងភន់ច្រឡំធ្ងន់ណាស់។ តែតាមការសំអាងតាមបែបមតិទី២ ទើបជាការយល់ឃើញត្រឹមត្រូវសមស្រប។ មកដល់សម័យសកលភាវូបនីយកម្មដូចសព្វថ្ងៃ គេគួរទទួលស្គាល់សមភាពរវាងបុរសនិងស្ត្រីដែលជាទស្សនៈ ចេះដឹងនិយម ហើយតាមរយៈទស្សនៈនេះទើបជាកំលាំង ចលករក្នុងចលនាសាងជាតិមាតុភូមិរបស់យើងអោយឈានឡើងជាវឌ្ឃនសង្គមមួយ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1